លោក ឌិត ទីណា ជារដ្ឋមន្រ្តីវ័យក្មេងជាងគេចូលកាន់ដំណែងក្រសួងកសិកម្ម

សង្គម​និង​សេដ្ឋកិច្ច

លោក ឌិត ទីណា ត្រូវបានព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ជំនួសលោក វេង សាខុន ដែលបានកាន់ដំណែងនេះជាងមួយអាណត្តិហើយត្រូវបានបញ្ចប់តួនាទីកាលពីថ្ងៃទី០៨ ខែតុលា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការតែងតាំងមុខដំណែងលោក ឌិត ទីណា ជារដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីនៅព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា រដ្ឋសភាបានបោះឆ្នោតជ្រើសតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសំឡេង១១១ លើ១១១។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ក្នុងមុខដំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម នៅចុងអាណត្តិដែលជិតនឹងបញ្ចប់នីតិកាលទី៦ពេលខាងមុខនេះ លោក ​ឌិត ទីណា ត្រូវបានគេដឹងថា ជារដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបង្អស់ក្នុងក្រសួងកសិកម្មចំនួន៧រូបធ្លាប់ជារដ្ឋមន្រ្តី ហើយបើនិយាយដល់ក្រសួងនានាក្នុងអាណត្តិរបស់រាជរដ្ឋាភិបាល លោកក៏ជារដ្ឋមន្រ្តីវ័យក្មេងក្នុងចំណោមរដ្ឋមន្រ្តីវ័យក្រោម ៤៥ឆ្នាំ ក្នុងនោះរួមមាន៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន (វ័យ៤២ឆ្នាំ) លោក ឌិត ទីណា (វ័យ៤៣ឆ្នាំ) និងលោក កើត រិទ្ធ ​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ (វ័យ៤៣ឆ្នាំ)។

លោក ទីណា ធ្លាប់បានទទួលការសិក្សាពីសាលាជាតិជាន់ខ្ពស់ផ្នែករ៉ែ នៅទីក្រុងប៉ារីសប្រទេសបារាំ។ លោកធ្លាប់បានបំពេញការងារ​ជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២, ជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ និងជាអនុរដ្ឋលេខាធិការ ក្រសួង​ពាណិជ្ជកម្ម​ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។ តាមរយៈតួនាទី និងការងារខាងលើនេះ លោក ឌិត ទីណា ធ្លាប់​បានចូលរួមដឹកនាំលុបបំបាត់អាជីវកម្មបូមខ្សាច់អនាធិបតេយ្យតាមដងទន្លេ, ដឹកនាំក្រុម​ការងារ​រៀបចំ​តាក់តែង​គោលនយោបាយជាតិ ស្តីពីធនធានរ៉ែឆ្នាំ២០១៨-២០២៨, ដឹកនាំក្រុមការងាររៀបចំតាក់តែងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និងដឹកនាំតាក់តែងច្បាប់ ស្តីពីទំនិញសម្គាល់​ភូមិសាស្ត្រ​ជាដើម។

ត្រូវបាន​គេ​ស្គាល់ថាជាកូនរបស់លោក ឌិត មុន្ទី ប្រធានតុលាការ​កំពូល និងជាបញ្ញវ័នបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ លោក ទីណា ជាបងថ្លៃរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ កូនច្បងរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ភរិយាគឺ លោកស្រី ឌិត និតា អគ្គនាយិកាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា និងកំពុងដឹកនាំស្ថាប័នព័ត៌មានអនឡាញ AMS ផងដែរ៕