អតីតអ្នកបើកឡានឱ្យឧកញ៉ាមួយរូប ទទួលការតែងតាំងជា «អនុរដ្ឋលេខាធិការ» ក្រសួងសង្គមកិច្ច

សង្គម​និង​សេដ្ឋកិច្ច

លោក ឈឹម វាសនា ប្រធានសមាគមយុវជនទិសអាគ្នេយ៍ ដែលអតីត​ធ្លាប់​ធ្វើ​ជា​អ្នកបើកបរ​រថយន្ត​​ជូន​ឧកញ៉ា​មួយរូប ​​ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​​តែងតាំង​មុខ​តំណែង​ជា «អនុរដ្ឋលេខាធិការ» នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្នុង​ចំណោម​បុគ្គល​ចំនួន ៤​រូប​ផ្សេង​ទៀត ​​កាលពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបទសម្ភាសន៍​ពី​ជីវប្រវត្តិ​របស់​លោក ជាមួយ​នឹងសារព័ត៌មាន​ក្នុងស្រុកមួយ កាល​ពី​ពេល​កន្លង​ទៅ លោក ឈឹម វាសនា ​បាន​​ឱ្យ​ដឹង​ថា លោក​​ជា​កូនគ្រួសារ​កសិករក្រីក្រ​មួយ​ ស្ថិតនៅភូមិជំរុំសៀម សង្កាត់លលកស ទីរួមខេត្តពោធិ៍សាត់ និង​ជាកូនទី៦ ចំណោមបងប្អូន៧នាក់ ដែលឪពុកម្តាយបានស្លាប់ចោលតាំងពីខ្លួននៅតូច។ បន្ទាប់មក​ លោក​ត្រូវបានស្ត្រីម្នាក់យកទៅចិញ្ចឹម ប៉ុន្តែក្រោយមកម្តាយចិញ្ចឹមរូបនេះ ក៏បាន​លាចាក​លោក​ចោល​ទៀត នៅឆ្នាំ២០០៣។

ក្រោយមក​លោក​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ ​មកកាន់​​រាជធានីភ្នំពេញ ធ្វើ​ជា​សន្តិសុខ ​ដោយ​ទទួល​បាន​ប្រាក់ខែ​ត្រឹម​ ៤៥ដុល្លារ ​​ប៉ុន្តែ​ឆ្លៀតសន្សំ​លុយ​រៀន​បណ្តើរៗ។ បន្ទាប់​មក​ទៀត លោក​មាន​ឱកាស​បាន​ស្គាល់​អង្គរក្ស​សម្តេច​អគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត​ ជា ស៊ីម ហើយ​បុរស​រូប​នោះ ក៏​បាន​ជួយណែនាំ​ឱ្យ​រូបលោក​ចូល​បម្រើការងារ​ក្នុង​កង​អង្គរក្ស​សម្តេច​ ជា ស៊ីម និង​ទទួល​បាន​ឱកាស​សិក្សា​ចប់​បរិញ្ញាបត្រ​រង​ផ្នែក​ច្បាប់។

ចុងឆ្នាំ២០០៨ ​​កងកម្លាំង​រូប​នេះ​ត្រូវ​បាន​ថ្នាក់លើ ចាត់​ឱ្យ​ទៅ​បំពេញ​បេសកកម្ម​នៅ​កំពូល​ភ្នំ​ប្រាសាទព្រះវិហារ អស់​រយៈពេល​ជិត​២ឆ្នាំ អំឡុង​ពេល​ប្រទេស​កំពុង​មាន​ភាព​តានតឹង​ជាមួយ​នឹង​ប្រទេសថៃ។ ក្រោយ​មក លោក​បាន​ដាក់ពាក្យ​ព្យួរ​ពី​អង្គភាព ទៅ​ធ្វើ​ជា​អ្នកបើកបរ​ឱ្យ​ក្រុមហ៊ុន​ឯកជនមួយ អស់​រយៈពេល​ជិត​ ២ឆ្នាំ និង​បន្ទាប់មកទៀត លោកមាន​ឱកាស​ទៅ​បើក​រថយន្ត​ជូន​​អ្នកឧកញ៉ា​ម្នាក់ និង​ឆ្លៀត​ពេល​រៀន​បន្ត​​​នៅ​ពេល​យប់ រហូត​ចប់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់។

នៅឆ្នាំ២០១៤ លោក ឈឹម វាសនា ក៏​បាន​ធ្វើ​ជា​អ្នកបើកបររថយន្ត និង​ធ្វើ​ជា​អង្គរក្ស​របស់​លោក​ឧកញ៉ា​មួយ​រូប​ទៀត​ ដែល​ជា​ម្ចាស់​ហាង​ពេជ្រ​មួយ​កន្លែង នៅ​ម្តុំ​ផ្សារ​ធំថ្មី ក្នុង​​រាជធានីភ្នំពេញ។ ឆ្នាំ២០១៥ លោក​បាន​ឈប់​ធ្វើ​ជា​អ្នក​បើកបរ និង​មក​​ធ្វើ​ជា​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ធំ​មួយ និង​បាន​សន្សំ​លុយកាក់​​អាច​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ភរិយា​នៅ​ស្រុកកំណើត។

ក្រោយ​រៀបការ លោក​បាន​លាឈប់​ពី​តួនាទី​នាយកប្រតិបត្តិ និង​ងាក​មក​បើក​​មុខ​របរ​ផ្ទាល់​ខ្លួន ជា​អ្នក​លាង​រថយន្ត និង​ទិញ-លក់​រថយន្ត ប៉ុន្តែ​ត្រូវ​រងការ​ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ។ បន្ទាប់មក ប្តីប្រពន្ធ​អ្នក​ទាំង​ពីរ សល់​លុយ​ខ្លះ​ពី​ការ​ខាតបង់ ក៏​ទៅ​ទិញដី​សម្រាប់​ពុះឡូត៍​លក់ ក្នុង​វិស័យ​អចលនទ្រព្យ​វិញ​ម្តង ក្នុង​ឆ្នាំ២០១៧ ផ្តើម​ពី​ដី​ទំហំ​ត្រឹម ១,៥​ហិកតា និង​មាន​ឱកាស​រីកចម្រើន​ជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​លោក​​​អាច​ជួយ​ដល់​ការងារ​សង្គម​ជា​ច្រើន រហូតលោកអាច​ទទួល​បាននូវ​មេដាយ «ជាតូបការ» ​​កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

សូម​ជម្រាប​ថា លោក ឈឹម​ វាសនា ដែល​ទទួល​បាន​សញ្ញាបត្រ​​បណ្ឌិតកិត្តិយស ផ្នែករដ្ឋបាលសាធារណៈ ពីទីក្រុងប៉ារីស ប្រទេសបារាំង ធ្លាប់​ទទួល​ការ​តែងតាំង​ជា ​​ទីប្រឹក្សាក្រសួងធម្មការ និងសាសនា ឋានៈស្មើ​អនុរដ្ឋលេខាធិការ កាល​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ហើយ​លោក​​ត្រូវ​បាន​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា តម្លើងតួនាទីជា «ឧត្តម​ទីប្រឹក្សាផ្ទាល់» សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ បញ្ញត្តិគោរម្យងា «រាជវាសនាកិច្ចាធិបតី» កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ​​ក៏​បាន​សម្រេច​តែងតាំង​លោក ឈឹម វាសនា ជា​ទីប្រឹក្សា​អម​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ផងដែរ៕