កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ២.១លាននាក់ ក្នុងរយៈពេល៥ខែឆ្នាំ២០២៣

សង្គម​និង​សេដ្ឋកិច្ច

 រយៈពេល៥ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,១លាននាក់ កើនឡើង ៥៣០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ រីឯទេសចរក្នុងស្រុកមានប្រមាណ ១០លាននាក់។ បើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ ក្នុងកិច្ចប្រជុំលើកទី៥ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៤ ខែមិថុនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 លោក ថោង ខុន បានឲ្យដឹងថា តាមការព្យាករក្នុងឆ្នាំ២០២៣ កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណយ៉ាងតិច ១៦លាននាក់។ ការសម្រេចបាននេះ គឺប្រហាក់ប្រហែលទៅនឹងការព្យាកររបស់ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលរំពឹងថាការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញនឹងត្រូវប្រើពេលក្នុងរង្វង់ ៥ឆ្នាំ ដោយអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងកម្រិតប្រហាក់ប្រហែលពេលមុនវិបត្តិ នៅក្នុងឆ្នាំ២០២៥ ឬយ៉ាងយូរនៅឆ្នាំ២០២៦ ក្រោមទម្រង់អក្សរ U។

លោកថា ដើម្បីបន្តការគាំទ្រដំណើរឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរនៃវិស័យទេសចរណ៍ កម្ពុជាការរៀបចំនូវផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ ពិតជាមានភាពចាំបាច់ណាស់ ដោយផែនការនេះមានការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការរៀបចំនូវសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិនេះឡើង។

 សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២៣-២០៣៥នេះ មាន ៤ជំពូក ១៣ផ្នែក ដោយដាក់ចេញនូវគោលដៅយុទ្ធសាស្រ្ដចំនួន០៣ និងយុទ្ធសាស្រ្តសំខាន់ៗ ចំនួន១០ ហើយសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ រៀបចំឡើងដោយអនុលោមទៅតាមខ្លឹមសារនៃច្បាប់ស្តីពីទេសចរណ៍ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល និងសេចក្តីព្រាងយុទ្ធសាស្ត្របញ្ចកោណ ផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងគោលនយោបាយ/យុទ្ធសាស្ត្ររបស់វិស័យពាក់ព័ន្ធផងដែរ៕