សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាស្នើសុំឱ្យNBC កំណត់ទំហំសាច់ប្រាក់អាចដកបាន ក្នុង១ប្រតិបត្តិការពីម៉ាស៊ីនATM

សង្គម​និង​សេដ្ឋកិច្ច

ដើម្បីផ្តល់ភាពងាយស្រួលទៅដល់អតិថិជនឬពលរដ្ឋនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនាពេលបច្ចុប្បន្ននិងអនាគត សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាហៅកាត់ថាCMAបានស្នើសុំឱ្យធនាគារជាតិនៃកម្ពុជាហៅថា NBC កំណត់ទំហំសាច់ប្រាក់ដែលអាចដកបានក្នុង១ប្រតិបត្តិការពីម៉ាស៊ីនATM។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងនៅក្នុងពិធីដាក់ឱ្យដំណើរការប្រព័ន្ធខេមបូឌានស៊ែស្វិចរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៤ខែកក្កដានេះថា« ដើម្បីឱ្យអតិថិជនកាន់តែទទួលបាននូវភាពងាយស្រួលជាងនេះទៅទៀត ខ្ញុំបាទសូមស្នើសុំដល់ធនាគារជាតិនៃកម្ពុជាមេត្តាសម្របសម្រួលជាមួយគ្រឹះស្ថានជាសមាជិកទាំងអស់ ដើម្បីបង្កើតជាស្តង់ដាររួមមួយក្នុងការកំណត់កម្រិតចំនួនទឹកប្រាក់អតិបរមាក្នុងមួយថ្ងៃ និងទំហំសាច់ប្រាក់ដែលអាចដកបានក្នុងមួយប្រតិបត្តិការពីម៉ាស៊ីន ATM នីមួយៗរបស់គ្រឹះស្ថានជាសមាជិកឱ្យមានសង្គតិភាព ដើម្បីឱ្យអតិថិជនងាយស្រួលចងចាំ និងងាយស្រួលក្នុងការធ្វើប្រតិបត្តិការ»។

ទាក់ទងនិងស្នើសុំខាងលើ លោក កំាង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងបន្ថែមថា ប្រព័ន្ធខេមបូឌានស៊ែស្វិចដែលហៅថាCSSនេះបានអនុញ្ញាតឱ្យអតិថិជនមិនថាគាត់កាន់កាតATMរបស់ធនាការណាទេ គាត់អាចដកប្រាក់នៅគ្រប់ម៉ាស៊ីនATMទំាងអស់នៅស្រុកខ្មែរយើងឱ្យតែស្ថិតនៅក្នុងបណ្តាញCSS។

លោកលើកឡើងថា យ៉ាងណាបញ្ហាប្រឈមកន្លងមកគឺថាប្រជាពលរដ្ឋឬអតិថិជនយើងខ្លះគាត់រអ៊ូថាពេលខ្លះគាត់ដកប្រាក់ មានការអនុញ្ញាតឱ្យគាត់ដកបានក្នុងចំនួនតិចនៅពេលដកប្រាក់ឆ្លងធនាគារ ហើយទន្ទឹមនិងនេះក៏មានការកំណត់ចំនួនថានៅពេលមានការដកឆ្លងធនាគារក្នុងមួយថ្ងៃមិនឱ្យដកបានប៉ុន្មានដងៗអីចឹងទៅ។

លោក កំាង តុងងី សង្កត់ធ្ងន់ថា«ដូចនេះបញ្ហាទំាងពីរខាងលើវាបង្កការលំបាកទៅប្រជាពលរដ្ឋយើងដែលជាអតិថិជនមួយចំនួន អីចឹងក្នុងនាមជាសមាគមមីក្រូហិរញ្ញវត្ថុយើងស្នើសុំឱ្យមានការបង្កើនប្រាក់ដែលអតិថិជនដកពីម៉ាស៊ីនATM មិនថាម៉ាស៊ីនATMរបស់ធនាគារណាមួយនោះទេដែលជាផ្នែកនៃ CSS ហើយក៏ដូចជាចំនួនប្រតិបត្តិការដែលគាត់ប្រើប្រាស់បាននៅក្នុងបណ្តាញ CSS ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋយើងក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំាងអស់នេះ ចៀសវាងគាត់កាន់កាតរបស់ធនាគារមួយពិបាកទៅរកធនាគារដែលគាត់ត្រូវការធ្វើប្រតិបត្តិការ»។

យោងតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បង្ហាញថាគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុ បានផ្តល់ឥណទានជូនប្រជាពរដ្ឋមានជាង២គណនី ដោយមានការកើនឡើង ១.១% ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២ ក្នុងទំហំឥណទានសរុប ៩.៧០២ លានដុល្លាសហរដ្ឋអាមេរិច កើនឡើង ៣% ធៀបនឹងត្រីមាសមុន។

ដោយឡែកប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង៥ បានកើនឡើងដល់ ៤.៨៤៩ លានដុល្លាសហរដ្ឋអាមេរិចកើនឡើង ២,៨% ធៀបនឹងត្រីមាសមុន ដោយមានអតិថិជនដាក់ប្រាក់បញ្ញើសរុប ២,៧លានគណនី កើនឡើង ១,៧% ធៀបនឹងត្រីមាសមុន។ យ៉ាងណា ឥណទានប្រឈមហានិភ័យ (PAR+30) បានកើនពី ២,៥% ក្នុងត្រីមាសទី៤ ឆ្នាំ២០២២ មក ៣,៣% សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣។ សម្រាប់ស្តង់ដារអន្តរជាតិ ឥណទានប្រឈមហានិភ័យក្រោម៥% ត្រូវបានចាត់ទុកថាល្អប្រសើរ៕

អត្ថបទ៖សារេត