ធនាគារជាតិ ត្រៀមវិធានការចម្បងៗ ដើម្បីអន្តរាគមន៍ និងរក្សាស្ថិរភាពអត្រាប្ដូរប្រាក់នៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាស ពីការត្រៀមចាត់វិធានការតាមការចាំបាច់ ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សា អំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាប្តូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិកបានកើនឡើង គួរឱ្យកត់សម្គាល់ ដែលមូលហេតុចម្បងគឺដោយសារកត្តារដូវកាលនិងសម្ពាធនៃការឡើងថ្លៃនៃប្រាក់ដុល្លារ អាមេរិកនៅលើទីផ្សារអន្តរជាតិ។ ចំពោះកត្តារដូវកាល កំណើនតម្រូវការប្រាក់រៀលបានថយល្បឿន នៅក្នុងដំណាក់កាលនៃការបង្កបង្កើនផលកសិកម្ម និងរដូវកាលដែលសកម្មភាពវិស័យទេសចរណ៍មិនមាន ភាពមមាញឹក (low season)។

ចំណែកប្រាក់ដុល្លារអាមេរិកជារួម បានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗ ទៀតលើពិភពលោក ក្រោយពីធនាគារកណ្ដាលអាមេរិកបន្តដំឡើងអត្រាការប្រាក់គោល ដែលទាក់ទាញ មូលធនឱ្យហូរចូលទៅសហរដ្ឋអាមេរិកនិងបង្កើនតម្រូវការប្រាក់ដុល្លារអាមេរិកលើទីផ្សារអន្តរជាតិ។នេះបើតាមការបញ្ជាក់បន្ថែមពីធនាគារជាតិនៃកម្ពុជា។

តាមរយៈសេចក្តីប្រកាសខាងលើ ធនាគារជាតិនៃកម្ពុជា ក៏បានបន្តប្រកាន់យករបបអត្រាប្តូរប្រាក់អណ្ដែតមានការគ្រប់គ្រង ដែលអនុញ្ញាត ឱ្យអត្រាប្ដូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប។ ក្នុងទិសដៅនេះ ធនាគារជាតិនៃកម្ពុជាត្រៀមខ្លួន ចាត់វិធានការតាមការចាំបាច់ ដែលរួមមានការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់និងការប្រើប្រាស់ឧបករណ៍ នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជា ឱ្យមានស្ថិរភាព៕ អត្ថបទ៖​ពិសី