កម្ពុជាមិនទាន់ស្រូបទាញភ្ញៀវទេសចរបរទេសបានច្រើនដោយសារខ្វះកត្តាសំខាន់៣

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងវិស័យទេសចរណ៍នៅពេលកន្លងមកក៏ដូចជាបច្ចុប្បន្នកម្ពុជានូវមិនទាន់ទទួលបានភ្ញៀវទេសចរបរទេស សមទៅតាមបំណងប្រាថ្នាដែលខ្លួនចង់បាននៅឡើយ បើទោះបីកម្ពុជាមានសក្តានុពលទេសចរណ៍ខ្លំាងក៏ដោយ។ពាក់ព័ន្ធនិងការមិនទទួលបាននូវភ្ញៀវទេសចរខាងក្រៅនេះ បើតាមមគ្គទេសក៍ទេសចរណ៍ម្នាក់នៅខាងខេត្តសៀមរាបបង្ហាញទស្សនៈយល់ឃើញថាដោយសារខ្វះកត្តាសំខាន់ចំនួន៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ធឿន វុឌ្ឍី មគ្គទេសក៍ ទេសចរណ៍ប្រចំាខេត្តសៀមរាបបានឱ្យដឹងថា ប្រទេសកម្ពុជាមានសក្តានុពលទេសចរណ៍ខ្លំាង ប៉ុន្តែអ្វីដែលធ្វើឱ្យកម្ពុជាមិនទាន់អាចស្រូបទាញទេសចរបរទេសបានច្រើនវាពាក់ព័ន្ធនិងកត្តាផ្សេងៗច្រើន ក្នុងនោះមានដូចជាកត្តាធនធានមនុស្ស សេវាកម្ម ព្រមទំាងទីតាំងដែលត្រូវទទួលភ្ញៀវទេសចរ។

ទាក់ទងនិងនិងកត្តាខាងលើ លោក ធឿន វុឌ្ឍី បានសង្កត់ធ្ងន់ថា«កត្តាធនធានមនុស្សជាទូទៅបើកកន្លែងទទួលភ្ញៀវទេសចរគឺបើកទៅតាមទម្លាប់ ឬបើកទៅតាមការធ្វើតៗគ្នា ដោយពុំសូវបានចូលសាលាបណ្តុះបណ្តាលឱ្យមានចំណេះដឹងត្រូវ គ្រប់គ្រាន់ដែលជាហេតុនៅមានចន្លោះខ្វះខាតច្រើន។ កត្តាផ្នែកសេវាកម្មរបស់យើងនៅមានកម្រិត សម្រាប់អ្នកប្រកបអាជីវកម្មនៅក្នុងវិស័យទេសចរណ៍ មួយចំនួនមានការកេងបន្លំជាមួយភ្ញៀវ ដោយពុំមានភាពស្មោះត្រង់ លក់ឬផ្តល់សេវាថ្លៃមិនសមជាមួយសេវាកម្មជាដើម។ចំណែកទីតំាងដូចគ្នា ថ្វីត្បិតយើងមានសណ្ឋាគារច្រើន ប៉ុន្តែមានតែនៅក្រុងភ្នំពេញ សៀមរាបនិងកំពង់សោមខ្លះៗ តែនៅតាមបណ្តាខេត្តផ្សេងៗទៀតគឺនៅខ្វះសណ្ឋាគារច្រើន»។

បើតាមមគ្គទេសក៍ ទេសចរណ៍រូបនេះបច្ចុប្បន្ននេះក្នុងវិស័យទេសចរណ៍កម្ពុជាខ្វះខាតច្រើនជាងគេនោះ គឺកត្តាធនធានមនុស្ស ហើយនៅថ្ងៃខាងមុខបើសិនជាកម្ពុជាមានគ្រប់ទំាង៣កត្តានេះ រួមផ្សំជាមួយគោលនយោបាយរបស់រាជរដ្ឋាល នោះនឹងធ្វើឱ្យកម្ពុជាទាក់ទាញភ្ញៀវទេសចរបរទេសមកលេងកម្សាន្តកាន់តែច្រើននិងជួយឱ្យសេដ្ឋកិច្ចកម្ពុជាកើនឡើងខ្លំាងតាមរយៈវិស័យទេសចរណ៍។

យោងតាមអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ថ្មីៗនេះបានបើកកិច្ចប្រជុំ ត្រួតពិនិត្យការងារគម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។ទាក់ទងនិងគម្រោងនេះ លោក ធឿន វុឌ្ឍី មានប្រសាសន៍ថា «ខ្ញុំគំាំទ្រ និងសប្បាយចិត្ត ហើយសង្ឃឹមថាថ្ងៃអនាគតទៅ អ្នកបម្រើសេវានៅក្នុងវិស័យទេសចរណ៍ បានឆ្លងកាត់វគ្គបណ្តុះបណ្តាលរៀនសូត្របានត្រឹមត្រូវ និងនាំនូវការពេញចិត្តទៅកាន់ភ្ញៀវ ហើយភ្ញៀវនឹងនាំនៅព័ត៌មានល្អៗពីស្រុកយើងទៅកាន់ប្រទេសពួកគាត់ ហើយអនាគតទៅនឹងនាំភ្ញៀវមកកាន់កម្ពុជាមានកាន់តែច្រើន»។

លោកលើកឡើងថា កម្ពុជាមានកន្លែងល្អៗ ប៉ុន្តែអត់សូវចេះរៀបចំវាឱ្យមានតម្លៃ មិនសូវចេះផ្សព្វផ្សាយម៉ូដរបស់ខ្លួនឱ្យគេបានស្គាល់។តែទោះជាយ៉ាងនេះក្តីការបើកសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នេះវាគឺជាជំហ៊ានល្អ បីទោះជាមិនទាន់បានដំណើរការភ្លាមៗ តែវាបាននិងកំពុងដើរនៅលើផ្លូវត្រូវ ជំរុញឧស្សាហកម្មគ្មានផ្សែងនេះឱ្យកាន់តែខ្លំាងក្លា។

លោក ធឿន វុឌ្ឍី បានដាក់ក្តីសង្ឃឹមថា «នៅថ្ងៃខាងមុខ បើសិនកម្ពុជាមានដូចកត្តាដែលបានលើកឡើងខាងលើ រួមនិងគោលនយោបាយបន្ថែមរបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រួលវីហ្សាផ្សេងផ្សេងទៀត ក្នុងន័យលើកទឹកចិត្តឱ្យភ្ញៀវបរទេសមកលេងកម្សាន្តនៅកម្ពុជាកាន់តែច្រើននោះ វាមិនយូរទេកម្ពុជានឹងមានសេដ្ឋកិច្ចកើនឡើងខ្លំាង ហើយតាមរយៈវិស័យទេសចរណ៍នេះ ខ្ញុំគិតថាប្រាក់ចំណូលដែលបានចាក់បញ្ចូលកញ្ចប់ថវិកាជាតិបើមិនឈរនៅក្នុងលំដាប់ទី១ក៏ទី២ដែរ។ ប្រទេសជិតខាងកម្ពុជា គេមិនសូវជាមានអ្វីឱ្យអស្ចារ្យជាងកម្ពុជា ប៉ុន្តែគេបានរៀបចំមានការទាក់ទាញភ្ញៀវបានច្រើន អីចឹងថវិកាឬប្រាក់ចំណូលដែលបានពីវិស័យទេសចរណ៍គឺមានច្រើន ។យើងសង្ឃឹមថាកម្ពុជាក៏និងអាចទទួលបានប្រាក់ចំណូលច្រើនបែបនេះដែរនៅថ្ងៃខាងមុខ»៕ អត្ថបទ៖សារេត