គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ តម្លៃជិត២៧លានដុល្លារ សម្រេចបានជាង ៩១% ហើយ

សង្គម​និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ដែលមានទំហំទឹកប្រាក់ប្រមាណ២៦,៤២ លានដុល្លារអាមេរិក បានសាងសង់សម្រេចជាង ៩១ % ហើយ។នេះបើតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ របស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងសារធារណការ បានឱ្យដឹងថា គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គម្រោងនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទំហំទឹកប្រាក់ប្រមាណ២៦,៤២ លានដុល្លារអាមេរិក។

ក្រសួងបន្តថា ដោយសារមានបញ្ហាការរាតត្បាតនៃជំងឺកូវីដ-១៩ គ្រោះទឹកជំនន់ និងបម្រែបម្រួលការងារមួយចំនួនក្នុងកិច្ចសន្យា នាំឱ្យគម្រោងនេះត្រូវពន្យារពេលសាងសង់ ដោយគិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ គម្រោងសម្រេចបាន ៩១,២៦% ហើយ។

ទន្ទឹមគ្នានេះ ក្រសួងអះអាងថា ការចុះត្រួតពិនិត្យលើគម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ ក្នុងគោលតាមដានវាយតម្លៃចំពោះកិច្ចការងារសាងសង់ សំដៅពន្លឿនឱ្យបានរួចរាល់ក្នុងពេលឆាប់ៗ ដើម្បីជាការរួមចំណែកជួយសម្រួលដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃជាដើម។

សូមជម្រាប់ដែរថា គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន គឺជាចក្ខុវិស័យវែងឆ្ងាយដើម្បីផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការបង្កើតការងារជូនប្រជាពលរដ្ឋ ក៏ដូចជាការសម្រេចឱ្យបានចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity) ផងដែរ៕

អត្ថបទ៖ ពិសី