លោក ស្រ៊ុន ពៅ៖ កសិករនៅក្នុងវិស័យចិញ្ចឹមសត្វ ខ្វះភាពកក់ក្តៅ និងត្រូវការការគាំទ្រពីរាជរដ្ឋាភិបាល

សង្គម​និង​សេដ្ឋកិច្ច

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពជា លោក ស្រ៊ុន ពៅ អះអាងថាលោកឬតំណាងសមាគមនឹងចូលរួមប្រជុំពិភាក្សាស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរជាក់ស្តែងជាមួយនិងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ   និងថែមទំាងចូលរួមក្នុងកម្មវិធីវេទិការរាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩ ដែលនិងរៀបចំឡើងនៅខែវិច្ចិការខាងមុខ ខណៈកសិករដែលជាអ្នកប្រកបមុខរបរក្នុងវិស័យចិញ្ចឹមសត្វជួបបញ្ហាមិនអាចដោះស្រាយបានអស់រយៈជាយូរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក ស្រ៊ុន ពៅ កិច្ចប្រជុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនបានធ្វើនៅថ្ងៃទី១៨កញ្ញានេះទេ គឺបានលើកទៅប្រជុំនៅថ្ងៃទី២២ខែកញ្ញាវិញហើយ។

លោក ស្រ៊ុន ពៅ បានឱ្យដឹងថាសម្រាប់វេទិការរាជរដ្ឋាភិបាល ផ្នែកឯកជនដែលនឹងធ្វើឡើងនៅខែវិច្ឆិការខាងមុខនេះ ខ្ញុំឬក្រុមប្រឹក្សាភិបាលសមាគមក៏និងចូលរួមដែរ ព្រោះនេះជាវេទិការដ៏សំខាន់មួយសម្រាប់វិស័យចិញ្ចឹមសត្វ ដើម្បីសំណូមពរក៏ដូចជាតវ៉ាក្នុងន័យជួយដល់កសិករ។

លោកស៊្រុន ពៅមានប្រសាសន៍ថា «តាមខ្លួនខ្ញុំផ្ទាល់ដែលជាប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានក្តីរំពឹងនិងសង្ឃឹមថារាជរដ្ឋាភិបាលថ្មី លោកនឹងគិតគូរដល់វិស័យកសិកម្ម ព្រោះពិភពលោកបច្ចុប្បន្នកំពុងមានបញ្ហា។ដូចនេះ ខ្ញុំជឿជាក់ថាក្រសួងពាក់ព័ន្ធ ព្រមទំាងសម្តេចហ៊ុនម៉ាណែត នឹងធ្វើឱ្យវិស័យចិញ្ចឹមសត្វនៅកម្ពុជាទទួលបាននៅសេចក្តីសង្ឃឹមច្រើន នៅក្នុងអាណត្តិថ្មីនេះ»។

ប្រធានសមាគមខាងលើរូបនេះ សង្កត់ធ្ងន់ថា «កសិករដែលជាអ្នកចិញ្ចឹមសត្វនៅក្នុងស្រុកទំាងអស់ ត្រូវការការគំាំទ្រពីរាជរដ្ឋាភិបាល ព្រោះសព្វថ្ងៃនេះពួកគាត់ខ្វះភាពកក់ក្តៅ»។

យោងតាមខ្លឹមសារលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យទៀតថា តបតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ រាជរដ្ឋាភិបាលនឹងរៀបចំវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩ ក្នុងគោលបំណងចូលរួមជំរុញការអភិវឌ្ឍន៍វិស័យឯកជននៅកម្ពុជា តាមរយៈការបង្កើតកិច្ចសន្ទនា និងកិច្ចសហការរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជនដោយមានការតាមដានវឌ្ឍនភាពនៃសកម្មភាពអភិវឌ្ឍន៍ធុរកិច្ច និងការវិនិយោគ ព្រមទំាងការស្វែងរកដំណោះស្រាយ សម្រាប់បញ្ហាកង្វល់របស់ធុរជននិងវិនិយោគិន។ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងរៀចបំកិច្ចពិភាក្សាពីគ្រោះយោបល់ជាមួយតួរអង្គពាក់ព័ន្ធ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរជាក់ស្តែង សំដៅដាក់ចេញនូវដំណោះស្រាយដែលមុតស្រួច និងចំៗ៕

អត្ថបទ៖សារេត