គណៈប្រតិភូហុងកុង មានបំណងនាំចេញអង្ករពីកម្ពុជា ទៅកាន់ទីផ្សាររបស់ខ្លួនបន្ថែមទៀត

សង្គម​និង​សេដ្ឋកិច្ច

គណៈប្រតិភូក្រុមហ៊ុន Pricerite Group Limited មកពីទីក្រុងហុងកុង បានបង្ហាញការចាប់អារម្មណ៍ ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមទៀតពីប្រទេសផ្សេងៗ ដោយក្នុងនោះក៏មានកម្ពុជាផងដែរ។ការបង្ហាញការចាប់អារម្មណ៍នេះ នៅក្នុងជំនួបសម្តែងការគួរសមរវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយគណៈប្រតិភូក្រុមហ៊ុន Pricerite Group Limited កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ គណៈប្រតិភូហុងកុង បានបញ្ជាក់ថា ភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករកម្ពុជា ដោយសារវត្តមានរបស់អង្ករកម្ពុជានៅក្នុងទីក្រុងហុងកុង កំពុងត្រូវបានគេទទួលស្គាល់ថាជាអង្ករដែលមានគុណភាពល្អ មានរសជាតិឆ្ងាញ់ ព្រមទាំងជាអង្ករដែលបានឈ្នះពានរង្វាន់ដល់ទៅ៥ដងផងដែរ។

ជាការឆ្លើយតប លោក ឌិត ទីណា បានលើកទឹកចិត្តឲ្យខាងក្រុមហ៊ុនជម្រុញការនាំចូលអង្ករសែនក្រអូប និងផ្ការំដួល ដែលជាប្រភេទអង្ករយុទ្ធសាស្ត្ររបស់កម្ពុជា ដោយបង្កើនការផ្សព្វផ្សាយនិងភាពទាក់ទាញ ដើម្បីធ្វើទីផ្សារអង្ករកម្ពុជាមានតម្រូវការទូលំទូលាយពីអ្នកបរិភោគនៅហុងកុង ឈានទៅទទួលបានការគាំទ្រនៅលើទីផ្សារ និងមានម៉ាកសញ្ញាដែលបង្ហាញពីអត្តសញ្ញាណនៃអង្ករកម្ពុជាមួយពិតប្រាកដ។

លើសពីនោះ លោក ក៏បានបញ្ជាក់ពីគោលជំហររបស់កម្ពុជា ក្នុងការនាំចេញអង្ករពីកម្ពុជា ដែលយើងផ្តោតទៅលើគុណភាព និងរសជាតិ ដែលមានតម្លៃខ្ពស់ទៅកាន់ទីផ្សារនៃប្រទេសហុងកុង ផ្តល់ប្រាក់ចំណេញច្រើនដល់អ្នកនាំចូល និងមិនផ្តោតលើប្រកួតប្រជែងតែខាងផ្នែកបរិមាណនោះទេ។

គួរបញ្ជាក់ផងដែរថា ​រយៈពេល ​៨ ​ខែ ឆ្នាំ ​២០២៣ ​កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង ៤០​ ម៉ឺន​តោន ស្មើនឹង​ ៥៨ ​ភាគរយ នៃ​ផែនការ​ ៧០​ ម៉ឺន​តោន​ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​ ២៧៨​ លាន​ដុល្លារ និង​នាំចេញ​ស្រូវ​បាន​ជិត​ ៣​ លាន​តោន​សរុប​ទឹកប្រាក់​ជាង ​៨១៤​ លាន​ដុល្លារ​អាមេរិក៕​