កម្មក-កម្មការិនីមិនទាន់ទទួលបានប្រាក់ខែឆ្នំា២០២៤ផង ទំនិញលក់នៅមុខរោងចក្រឡើងថ្លៃមុនទៅហើយ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នំា២០២៤ ទើបតែបញ្ចេញលទ្ធផលថាកម្មករកម្មការិនីរោងចក្រកាត់ដេរទទួលបានប្រាក់ខែ២០៤ដុល្លារក្នុងមួយខែ ប៉ុន្តែកម្មករមិនទាន់និងទទួលបានផង សម្រាប់តែមុខទំនិញមួយចំនួនដែលលក់នៅមុខរោងចក្របានឡើងថ្លៃមុនរួចបាត់ទៅហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមកម្មការិនីធ្វើការនៅរោងចក្រស្បែកជើងតាកែវ បានឱ្យដឹងថា ក្នុងនាមជាកម្មការិនីម្នាក់អ្នកស្រី ពេជ្រ សារ៉េត ចង់ឃើញមានការតម្លើងប្រាក់ឈ្នួលនៅឆ្នំា២០២៤ជូនដល់កម្មករច្រើនជាងឆ្នំា២០២៣ តែមិនទាន់ទទួលបានផងកាហ្វេធ្លាប់ហូបនៅមុខរោងចក្របានឡើងថ្លៃមុនបាត់ទៅហើយ។

អ្នកស្រី ពេជ្រ សារ៉េត បានបញ្ជាក់ថា«ខ្ញុំចង់ឱ្យមានការតម្លើងប្រាក់ឈ្នួលនៅឆ្នំា២០២៤ បានខ្ពស់ជាងឆ្នំា២០២៣ ព្រោះប្រាក់ខែខ្ញុំមិនទាន់ទទួលបានផង កាហ្វេរលក់នៅមុខរោងចក្រឡើងថ្លៃមុនបាត់ទៅហើយ។កាហ្វេធ្លាប់ទិញហូបកាលពីមុន មួយកែវថ្លៃត្រឹមតែ២៥០០រៀល តែមកដល់ឥលូវនេះមួយកែវថ្លៃ៣០០០រៀល កាហ្វេទឹកដោះគោពីមុន៣៥០០ឡើង៤០០០រៀលក្នុងមួយកែវ។លើសពីនេះសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀតក៏ឡើងថ្លៃតាគ្នាផងដែរ»។

អ្នកស្រី បន្តថា ប្រាក់ឈ្នួលអប្បបរមាក្នុងមួយឆ្នំាៗឡើងនៅក្នុងរង្វង់២ទៅ៣ដុល្លារអាមេរិក។តែនៅឆ្នំានេះបើមិនបានច្រើនសុំឱ្យមានការតម្លើងត្រឹម៥ដុល្លារអាមេរិកឬលើសពីនេះក៏សប្បាយចិត្ត តែបើមិនបានដូចបំណងរបស់កម្មករទេ វាពិបាករាប់រងចំណាយនៅក្នុងគ្រួសារ។

បើតាមអ្នកស្រី ពេជ្រ សារ៉េត ធ្វើការរោងចក្រក្នុងមួយខែអ្នកស្រីទទួលបានប្រាក់សរុបប្រមាណ២៤០ដុល្លារអាមេរិក។

លោក អន សាខន អនុប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរនៅពេលកន្លង លោកមើលឃើញថាប្រាក់ឈ្នួលអប្បបរមានៅឆ្នំា២០២៤កម្មករ អាចទទួលបាន២១០ដុល្លារអាមេរិកក្នុងមួយខែ។តែមកទល់ល្ងាចថ្ងៃទី២៨ខែកញ្ញាឆ្នំា២០២៣នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបានបង្ហាញថានៅឆ្នំា២០២៤កម្មករទទួលបានតែ២០៤ដុល្លារអាមេរិកប៉ុណ្ណោះ។

លោក អន សាខន បានឱ្យដឹងថា« នៅឆ្នំា២០២៤បើសិនជាកម្មករទទួលបានការតម្លើងប្រាក់ឈ្នួលបាន២១០ដុល្លារអាមេរិកក្នុងមួយខែនេះ នឹងធ្វើឱ្យកម្មករសប្បាយចិត្ត។តែបើសិនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបានតម្លើងជូនតិចតួចក៏ពពួកគាត់ព្រមទទួលយក ផ្អែកទៅលើស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងនាពេលបច្ចុប្បន្ន»៕

អត្ថបទ៖សារេត