ប្រជាកសិករក្នុងស្រុក ចាប់ផ្តើមសកម្មភាពចិញ្ចឹមត្រីឡើងវិញច្រើន ពីខែកក្កដា ដល់ខែតុលា

សង្គម​និង​សេដ្ឋកិច្ច

ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករកម្ពុជា បានឱ្យដឹងថា តាមការសង្កេតនៅក្នុងឆ្នំា២០២៣នេះ ការចិញ្ចឹមត្រីរបស់ប្រជាកសិករនៅតាមតំបន់ចាប់ផ្តើមសកម្មភាពផុលផុសឡើងវិញគួរឱ្យកត់សម្គាល់ នៅខែកក្កដា ដល់ខែតុលា ឆ្នំា២០២៣នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឡែមផូរ វរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករកម្ពុជា ឱ្យដឹងថា នៅដើមឆ្នំា២០២៣នេះ សកម្មភាពចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋនៅតាមតំបន់មានការថយចុះមួយចំនួន ដោយសារតម្លៃត្រីលើទីផ្សារកសិករលក់មិនបានថ្លៃ។ប៉ុន្តែចាប់ពីខែកក្កដារហូតដល់ខែ១០តុលា ឆ្នំា២០២៣នេះ សកម្មភាពនៃការចិញ្ចឹមត្រីរបស់ប្រជាកសិករក្នុងតំបន់មានភាពផុលផុសឡើងវិញ ព្រោះត្រីលក់បានថ្លៃ បើប្រៀបធៀបទៅនិងឆ្នំាមុន។

លោក ឡែមផូរ វរិទ្ធិ លើកឡើងថា “នៅពេលកន្លងមកកសិករចិញ្ចឹមត្រីខ្នាតតូច មិនសូវជាយល់និងមានការចាប់អារម្មណ៍ប៉ុន្មានោះទេក្នុងការរៀបចំផែនការអាជីវកម្ម ប៉ុន្តែសម្រាប់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីខ្នាតមធ្យម និងខ្នាតធំ គេមានចំណាប់អារម្មណ៍ទៅលើការរៀបចំផែនការអាជីវកម្ម។ចំណែកទីផ្សារវិញ បងប្អូនដែលជាអ្នកចិញ្ចឹមត្រី មិនសូវចាប់អារម្មណ៍អំពីព័ត៌មានទីផ្សារទេ ដោយសារពួកគាត់គិតថា ចិញ្ចឹមត្រីឱ្យតែបានទៅគឺអាចលក់ចេញបាន តែទីផ្សារវាមានការប្រែប្រួល គាត់ចិញ្ចឹមបានហើយស្ទះលក់មិនចេញ។តែក្រោយពីមានការណែនាំពីសមាគមនិងអង្គការដៃគូរមួយចំនួន គាត់ចាប់ផ្តើមគិត និងស៊ើបមើលអំពីទីផ្សារមុនចិញ្ចឹមត្រីចាប់តំាងពីឆ្នំា២០២១រហូតមកដល់បច្ចុប្បន្ននេះ”។

បើតាមប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករកម្ពុជា កន្លងមកសមាគមធ្លាប់ធ្វើការជាមួយនិងកសិករចិញ្ចឹមនៅក្នុងខេត្តកំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់និងខេត្តតាកែវ គឺចំនួនមានអ្នកចិញ្ចឹមត្រីមានប្រហែល៧០០កសិដ្ឋាន ក្នុងនោះ៤០%ជាកសិដ្ឋានមធ្យមនិងធំ ក្រៅពីនេះជាកសិករខ្នាតតូច។

លោក ថាយ សុមុនី ប្រធាននាយកដ្ឋានវារីវប្បកម្មនៃរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍លើកឡើងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានជំរុញឱ្យថ្នាក់ដឹកនាំនៅតាមអគ្គនាយកដ្ឋាននីមួយៗ គិតពិចារណាទៅនិងទស្សនៈវិស័យលើការងារវារីវប្បកម្មនេះ ព្រោះគាត់ចង់ឃើញផលិតផលដែលផលិតបានពីវារីវប្បកម្មនៅក្នុងស្រុកមានការទទួលស្គាល់ និងប្រើប្រាស់ឱ្យបានច្រើន ដូចនេះយើងត្រូវជំរុញការចិញ្ចឹមត្រីនៅក្នុងស្រុកឱ្យបានច្រើន។

លោកលើកឡើងថា កន្លងមកខាងរដ្ឋបាលជលផលបានធ្វើការងារនេះយ៉ាងជិតស្និទ្ធជាមួយគម្រោង អភិវឌ្ឍន៍វារីវប្បកម្ម ពាណិជ្ជកម្មដើម្បីនិរន្តរភាពរបស់ក្រសួងកសិកម្ម សហរដ្ឋអាមេរិក បានចាប់ដៃគ្នា ជំរុញឱ្យមានការបង្កើតជាសមាគមវារីវប្បករកម្ពុជា ព្រោះសមាគមមួយនេះដើរតួនាទីសំខាន់ជួយឱ្យសមាជិករបស់ខ្លួនមានសមត្ថភាពរឹងមំាទំាងផ្នែកបច្ចេកទេសនិងផ្នែកគ្រប់គ្រងជំនួញ៕ សារេត