ក្រុមហ៊ុនលំដាប់កំពូលៗមកពីអឺរ៉ុប ជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

សង្គម​និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោក JENS Ruebbert ប្រធានក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន ហៅកាត់ EU-ABC និងគណៈប្រតិភូ ព្រមទាំងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជួបពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីថ្ងៃអង្គារ៍ ទី២៤ ខែតុលា ឆ្នាំ២០២៣ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះវត្តមានគណៈប្រតិភូតំណាងក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុប ដែលមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ ក៏ដូចជាការពង្រីកការវិនិយោគដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា និងបានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកចំហស្វាគមន៍រាល់ការវិនិយោគនៅកម្ពុជា របស់បណ្តាក្រុមហ៊ុននានាលើសកលលោក រួមទាំងសហភាពអឺរ៉ុប តាមរយៈការប្តេជ្ញាដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តផ្សេងៗ ដើម្បីបង្កើតភាពទាក់ទាញ។

ក្នុងន័យនេះ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ និងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនក្នុងនាមជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើតនូវយន្តការភ្ជាប់ទំនាក់ទំនងជាប្រចាំ ដើម្បីរាជរដ្ឋាភិបាលអាចផ្តល់នូវការគាំទ្រជ្រោមជ្រែងតាមគ្រប់លទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យវិស័យឯកជនទទួលបានជោគជ័យ ពីព្រោះជោគជ័យរបស់ក្រុមហ៊ុន-សហគ្រាសឯកជន បានផ្តល់នូវឱកាសការងារសម្រាប់ប្រជាជនកម្ពុជា ហើយនេះ ក៏អាចនិយាយបានថា គឺជាជោគជ័យរបស់ប្រទេសកម្ពុជាទាំងមូល។

ក្នុងជំនួបនេះ លោក JENS RUEBBERT បានប្រាប់សម្តេចធិបតីនាយករដ្ឋមន្រ្តីអំពីសមាសភាពគណៈប្រតិភូដែលចូលរួមពិភាក្សាការងារនៅវិមានសន្តិភាពនាពេលនេះមានចំនួន ២៥ រូប ក្នុងចំណោម ៧៥ រូប ជាតំណាងក្រុមហ៊ុនធំៗក្នុងវិស័យភេសជ្ជៈនិងអាហារ, សវនកម្ម, ថាមពល, ឱសថ, ដឹកជញ្ជូន, និងថ្នាំជក់ ។ល។ នៅក្នុងទ្វីបអឺរ៉ុប ។ ទន្ទឹមនឹងនេះ លោក JENS RUEBBERT បានសម្តែងនូវការកោតសរសើរចំពោះដំណើរការដោយរលូននៃការបង្កើតរាជរដ្ឋាភិបាល អាណតិ្តទី៧ នេះ និងក៏បានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងបន្តមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្ថែមទៀត ។

ដោយឡែក ក្នុងឱកាសនៃកិច្ចពិភាក្សានោះផងដែរ សម្តេចធិបតី ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនធំៗចំនួន ៨ ជាអាទិ៍៖ ក្រុមហ៊ុន Heineken, KPMG, Shell, Zuelling Pharma, Danone, DHL, JTI, និង Airbus ធ្វើការលើកឡើងអំពីកង្វល់ និងសំណួរនានាពាក់ព័ន្ធទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយក្នុងនោះ សម្តេចធិបតី បានធ្វើការឆ្លើយតប និងផ្តល់អនុសាសន៍ដ៏ល្អជាក់ស្តែងជាច្រើន សម្រាប់ជាការតម្រង់ទិសបន្តទៅមុខ ស្របទៅតាមទិសដៅដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ៕