ជិត១០ខែមកនេះ កម្ពុជានាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសចិន បានជាង ១ម៉ឺន ១ពាន់តោន

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងរយៈពេលជិត១០ខែមកនេះ ពោលចាប់ពីខែមករា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន បានប្រមាណ ១១ ៤០៣,២៣តោន។នេះបើតាមកញ្ញា អ៊ឹម រចនា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី២៧ តុលាថា មួយឆ្នាំកន្លងទៅនេះ អគ្គនាយកដ្ឋានកសិកម្ម បានចុះបញ្ជីចម្ការមៀន និងរោងចក្រវេចខ្ចប់សម្រាប់នាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន បានចំនួន ៩៧ក្រុមហ៊ុន/ម្ចាស់ចម្ការ និង ១២រោងចក្រវេចខ្ចប់ និងមានការអនុម័តទទួលស្គាល់ជាផ្លូវការពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC)។

កញ្ញាបន្តថា បើគិតរយៈពេល១ឆ្នាំ ពោលចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅប្រទេសចិន មានចំនួនសរុប ១៤ ៣៤៥,៧៤តោន។ប៉ុន្តែ បើគិតនៅក្នុងឆ្នាំ២០២២ (ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ដំណាច់ខែធ្នូ) កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅប្រទេសចិន ចំនួន ២ ៩៤២,៥១តោន។ដោយឡែក សម្រាប់ឆ្នាំ២០២៣នេះ បើគិតចាប់ពីខែមករា ដល់ថ្ងៃទី២៧ ខែតុលា កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសចិនមានចំនួន ១១ ៤០៣,២៣តោន។

បើតាមកញ្ញា អ៊ឹម រចនា ក្រៅពីការនាំចេញទៅកាន់ទីផ្សារប្រទេសចិន សហគ្រាសនៅកម្ពុជាកំពុងកែច្នៃផ្លែមៀនស្រស់របស់ខ្មែរ ទៅជាដំណាប់មៀន ផ្លែមៀនកំប៉ុង ទឹកមៀនកៀប និងស្រាមៀន ដែលមានដាក់លក់នៅតាមផ្សារទំនើបនានានៅក្នុងប្រទេសផងដែរ។

ជាមួយគ្នានេះ ក្រសួងកសិកម្ម បន្តលើកទឹកចិត្ត និងគាំទ្រសហគ្រាសទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែងនៅក្នុងការកែច្នៃផលិតផលកសិកម្មខ្មែរឲ្យមានតម្លៃបន្ថែមខ្ពស់ ហើយក្រសួងនឹងសហការជាមួយភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយ និងរុញផលិតផលដែលមានគុណភាពទាំងអស់នេះ ទៅកាន់ទីផ្សារពិភពលោក។

គួរឱ្យផងដែរថា ក្រសួងកសិកម្ម និងស្ថានទូតចិនប្រចាំនៅកម្ពុជា បានសម្ពោធជាផ្លូវការ ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២៕