នាយករដ្ឋមន្រ្តី ឱ្យបញ្ឈប់ការយកថ្លៃភាស៊ី ចំពោះអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមផ្សារទូទាំងប្រទេស

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធី វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យបញ្ឈប់ការយកថ្លៃភាស៊ី ចំពោះអ្នកលក់ដូរតាមកញ្ជើ ល្អី ឬអ្នកលក់ដូរតូចតាចនៅតាមផ្សារទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីជំរុញការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កភាពងាយស្រួលដល់ការប្រកបរបរប្រចាំថ្ងៃ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺលុបមិនឱ្យមានការ យកភាស៊ី ចំពោះអ្នកលក់ដូរតាមកញ្ជើ ល្អី ឬអ្នកលក់ដូរតូចតាចនោះទេ ក្នុងករណីមានការយកភាស៊ីចំពោះអាជីវករទាំងនោះ ត្រូវចាត់វិធានការចំពោះអ្នកយកភាស៊ីនោះជាបន្ទាន់។

ដោយសម្តេចធិបតី បានបញ្ជាក់ថា ក្រៅពីមិនបង្កើតពន្ធ និងដំឡើងអត្រពន្ធហើយនោះ  រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ ក៏បានសម្រេចឱ្យបញ្ឈប់ និងលុបការបង់ថ្លៃ ផាស៊ី និងការយកកម្រៃសេវាផ្សេងៗ​ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្ច្រែង កញ្ជើរ ល្អី នៅតាមទីផ្សារនានានៅទូទាំងប្រទេសផងដែរ។ ព្រមជាមួយការអនុញ្ញាត្តិឱ្យអាជីវករ តាមផ្សាររដ្ឋ នានា អាចលក់ដូរ តាមស្តង់ និងមានសិទ្ធផ្ទេរបន្តផងដែរ»។

ក្រៅពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអះអាងទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តថែរក្សាសមិទ្ធផលចាស់ ដែលមានស្រាប់ និងបង្កើត​សមិទ្ធផលថ្មីៗ​ឱ្យបានកាន់តែច្រើន ដោយកិច្ចការនេះរាជរដ្ឋាភិបាលប្រកាសថា​ ហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានធ្វើការវះកាត់ផងដែរ ដើម្បីនាំមកនូវវិបុលភាពរួមជូន​ជាតិ​មាតុភូមិ​ទាំងមូល​៕ អត្ថបទ៖ រង្សី