ក្រុមហ៊ុនកង់ XDS Bicycle ចង់បញ្ជូនបុគ្គលិកជំនាញពីកម្ពុជាទៅទទួលវគ្គបណ្ដុះខ្លីនៅក្នុងទីក្រុងសិនជិន

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងជំនួបពិភាក្សាការងាជាមួយលោក  ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា តំណាងក្រុមហ៊ុន កង់ XDS Bicycle បានស្នើសុំឱ្យមានការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបុគ្គលិកជំនាញពីកម្ពុជាទៅទទួលវគ្គបណ្ដុះខ្លី នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងទីក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle បានស្នើសុំឱ្យមានការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើគោលបំណងដែលក្រុមហ៊ុនចង់បញ្ជូនបុគ្គលិកជំនាញពីកម្ពុជាទៅទទួលវគ្គបណ្ដុះខ្លី នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងទីក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន។

ក្រុមហ៊ុនផលិតកង់ XDS បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០១៩ លើការដំឡើង និងនាំចេញប្រភេទកង់ផ្សេងគ្នាទៅកាន់ទីផ្សារសំខាន់ៗរួមមានសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបជាដើម។ ក្រុមហ៊ុននេះមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងខេត្តស្វាយរៀង ដែលមានទុនវិនិយោគប្រមាណ ១៩លានដុល្លារ និងបានបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណ ១.៦០០កន្លែង។

កិច្ចប្រជុំនាឱកាសនេះ គឺជាផ្នែកមួយនៃសកម្មភាពថែទាំវិនិយោគ  ដូចមានចង្អុលបង្ហាញដោយច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យពាក់ព័ន្ធ ដែលតម្រូវឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តយកចិត្តទុកដាក់ស្វែងយល់អំពីតម្រូវការ និងកង្វល់របស់ក្រុមហ៊ុន ហើយខិតខំស្វែងរកដំណោះស្រាយនូវរាល់បញ្ហាប្រឈមនានាជូនក្រុមហ៊ុនដែលកំពុងជួបប្រទះក្នុងប្រតិបត្តិការវិនិយោគនៅកម្ពុជា។

លោក ស៊ុន ចាន់ថុល ក្នុងឱកាសនេះ ក៏បានជម្រាបជូនក្រុមហ៊ុនអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាដែលវិនិយោគិនបានជួបប្រទះ សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវសកម្មភាពវិនិយោគដែលមានស្រាប់ និងជំរុញឱ្យក្រុមហ៊ុនអាចពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា៕អត្ថបទ៖សារេត