រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យគ្រប់ភាគីក្នុងទំនាក់ទំនងវិជ្ជាជីវៈធ្វើការរួមគ្នាដើម្បីទាក់ទាញការវិនិយោគ

សង្គម​និង​សេដ្ឋកិច្ច

លោក ហេង សួរ បានជំរុញឱ្យគ្រប់ភាគីដែលមានអង្គការដៃគូ សហជីព និងនិយោជក រួមគ្នាធ្វើឱ្យប្រសើរឡើង បន្ថែមទៀតក្នុង វិស័យទំនាក់ទំនង វិជ្ជាជីវៈ ដើម្បីឱ្យកម្ពុជាអាចរក្សាបាននូវការទាក់ទាញវិនិយោគ។ ការជំរុញបែបនេះធ្វើឡើងក្នុងវេទិកាការងារប្រចាំឆ្នាំស្តីពី “វឌ្ឍនភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និងចក្ខុវិស័យសម្រាប់អនាគត” កាលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃភាគីទាំងបីដើម្បីជំរុញឱ្យវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាកាន់តែប្រសើរឡើងតាមរយៈការគោរពច្បាប់ទម្លាប់ដែលកម្ពុជាមានស្រាប់ដើម្បីផ្តល់ឱ្យគ្រប់ភាគីទាំងនិយោជក និងកម្មករនិយោជិតទទួលយកបាន ស្របទៅនឹងទិសដៅរបស់ក្រសួងដែលមានតួនាទីក្នុងការរក្សាលំនឹងនៃទំនាក់ទំនងវិជ្ជាជីវៈដោយមិនអាចខ្វះដៃគូណាមួយឡើយសម្រាប់សុខដុមនីយកម្មក្នុងរោងចក្រសហគ្រាស។

ទន្ទឹមនឹងនេះលោកក៏បានបញ្ជាក់ឱ្យអង្គវេទិកាយល់ពីស្ថានភាពនៃការវិវឌ្ឍក្នុងតំបន់ និងពិភពលោកដែលទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាថ្លឹងថ្លែង និងប្រមែមើលទៅលើភាពប្រកួតប្រជែងរបស់ប្រទេសក្នុងតំបន់ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជានៅតែរក្សាបានប្រៀបឈ្នះ និងភាពប្រកួតប្រជែងក្នុងទិសដៅរក្សាលំនឹងការងារ និងការបង្កើនការទាក់ទាញការវិនិយោគដែលជាកត្តាបង្កើតឱកាសការងារបន្ថែមសម្រាប់យុវជនពេញកម្លាំងក្នុងសង្គម។

បន្ថែមពីនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ជាអាទិភាពរបស់ក្រសួងចំពោះលក្ខខណ្ឌការងារ ការបង្កើនឱកាសការងារ និងបរិយាកាសកាងារល្អ ការពង្រឹងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសំដៅឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃទីផ្សារការងារនៅកម្ពុជា និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល។

លើសពីនោះ លោកបានបញ្ជាក់ថា ក្រសួងបានគិតគូ និងបានដាក់ទិសដៅក្នុងការពង្រឹងគុណភាពនៃអធិការកិច្ចការងារដើម្បីធ្វើឱ្យគ្រប់ភាគីមានជំនឿទុកចិត្តដែលជាចំណុចគន្លឹះនៃភាពប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈផងដែរ៕