FASMEC និងសមាគមមូលនិធិសម្តេចតេជោ SME រៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ ក្រោមវត្តមានរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម

សង្គម​និង​សេដ្ឋកិច្ច

សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SME) បានរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល ប្រធាន អនុប្រធាន សមាជិក សមាជិកាប្រមាណ ៥០០នាក់ នៅមជ្ឈមណ្ឌលពិពរណ៍ និងសន្និបាតកោះពេជ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា(SME) និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) បានថ្លែងរបាយការណ៍សកម្មភាពបេសកកម្មការងារជាច្រើននាពេលកន្លងមកក្នុងចូលរួមចំណែកអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានជម្រុញ និងលើកទឹកចិត្តខ្ពស់ ព្រមទាំងបានចាត់ទុកសហគ្រាសធុនតូច និងមធ្យម គឺជាចំណែកមួយដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

លោកឧកញ៉ាមានប្រសាសន៍ថា ក្នុងរយៈពេលមួយឆ្នាំ២០២៣ FASMEC បានរៀបចំកម្មវិធីផ្គូរផ្គងពាណិជ្ជកម្មក្នុង និងក្រៅស្រុកជាច្រើនជាមួយបណ្តាប្រទេសនានា ដើម្បីជម្រុញទីផ្សារ ផ្សព្វផ្សាយម៉ាកយីហោ ពង្រីកគុណតម្លៃនៃផលិតផលទៅកាន់អ្នកប្រើប្រាស់។

លោកឧកញ៉ាបញ្ជាក់ថា កន្លងមក FASMEC បានរៀបចំកម្មវិធីផ្សេងៗដែលក្នុងនោះ ឆ្នាំ២០២៣ FASMEC បានរៀបចំផ្គូរផ្គងពាណិជ្ជកម្មក្នុង និងក្រៅស្រុក តួយ៉ាងដូចជាពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាម, កម្ពុជា- ជប៉ុន, កម្ពុជា-កូរ៉េ, កម្ពុជា-ថៃ, កម្ពុជា-ចិន, កម្ពុជា-ម៉ាឡេស៊ី, កម្ពុជា-អូស្ត្រាលី, កម្ពុជា-សិង្ហបុរី និងការរៀបចំវេទិការតាំងពិព័រណ៌ស្រុកជាដើម។

លោកឧកញ៉ាបន្តថា ការរៀបចំនៅកម្មវិធីទាំងនេះ គឺដើម្បីជម្រុញទីផ្សារ ផ្សព្វផ្សាយម៉ាក យីហោបង្កើនទំនុកចិត្ត និងពង្រីកគុណតម្លៃផលិតផល សេវាកម្ម របស់វិស័យឯកជន ទៅកាន់អ្នកប្រើប្រាស់។ បើតាមលោកឧកញ៉ា តែ តាំងប៉ ក្រៅពីនេះ FASMEC ក៏បានរៀបចំកម្មវិធីតាំងបង្ហាញផលិតផលខ្មែរ ជាទិសដៅចម្បងក្នុងការជម្រុញផលិតផលជាតិ និងជួយបង្កើនទំនាក់ទំនងទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យម។

បន្ថែមទៀតនោះ FASMEC ក៏បានចូលរួមអមដំណើរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីនាំផលិតផលរបស់សមាជិក FASMEC ដើម្បីបង្ហាញនៅលើវេទិការនៅប្រទេសអេមីរ៉ាត អារ៉ាប់រួម ដែលមាន ផលិតផល ស្វាយស្រស់ ម្រេចកំពត ដំណាប់មៀន គ្រាប់ស្វាយចន្ទីផងដែរ៕