ខេត្តព្រះសីហនុ នឹងអភិវឌ្ឍន៍ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ច៣សំខាន់

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាបាលនឹងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចសំខាន់៣ ស្របតាមសេចក្តីព្រាង «ផែនការមេដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និង «ផែនការសកម្មភាព» ដែលនឹងត្រូវដាក់ជូន រាជរដ្ឋាភិបាល អនុម័ត ដាក់ឱ្យអនុវត្តនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេដើម្បី អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.) កាលពីទី ៩ ខែ កក្កដា ឆ្នាំ ២០២៤ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.) បានដឹកនាំកិច្ចប្រជុំលើកទី ៣ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាង «ផែនការមេដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និង «ផែនការសកម្មភាព» មុននឹងដាក់ជូន រាជរដ្ឋាភិបាល អនុម័ត ដាក់ឱ្យអនុវត្តនាពេលខាងមុខ ។

ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជា ប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសំដៅជំរុញកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និងការការពារបរិស្ថាន ប្រកបដោយចីរភាព និងនិរន្តរភាព ។

ជាមួយគ្នានេះ «ផែនការមេ» នេះ មានចក្ខុវិស័យរយៈពេលវែង ឆ្ងាយ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាប៉ូលសេដ្ឋកិច្ច៣សំខាន់៖ ទី១, ច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុ មធ្យោបាយ និង ឡូជីស្ទិក, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ, ទី២,ប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់ សកលលោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់ នវានុវត្តន៍បច្ចេកវិទ្យា និង ទី៣, ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតងប្រកបដោយចីរភាព, ចម្រុះវប្បធម៌ និងឆ្លាតវៃ ។

សូមជម្រាបថា ដើម្បីសម្រេចបានចក្ខុវិស័យនេះ «ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង» នឹងអនុវត្តជាពីរដំណាក់កាលគឺ ដំណាក់កាលទី ១ “២០២៥-២០២៨ ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុទៅក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវទីក្រុងចាស់ ដែលមានតម្លៃបន្ថែមខ្ពស់។ និងអភិវឌ្ឍតំបន់ថ្មីរួមទាំងការទាក់ទាញការវិនិយោគ ដំណាក់កាលទី២ “២០២៩-២០៣៨” ខេត្តព្រះសីហនុនឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារ ជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហ គ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ប្រកបដោយវិបុល- ភាព៕