អាល្លឺម៉ង់បានមើលឃើញសក្តានុពលទេសចរណ៍ភ្លឺចែងចាំងដូចពេជ្ររបស់កម្ពុជា ខណៈក្រុមហ៊ុននេះកំពុងបើកសណ្ឋាគារលំដាប់ផ្កាយចំកណ្តាលក្រុងព្រះសីហនុ

សង្គម​ និង​សេដ្ឋកិច្ច

សណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយពីអាល្លឺម៉ង់ បានបើកសម្ពោធជាផ្លូវការនៅខេត្តព្រះសីហនុដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនារដូវកាលបៃតង (Green Season)។ពិធីសម្ពោធសណ្ឋាគារនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនទេសចរណ៍ដ៏ធំរបស់ប្រទេសអាល្លឺម៉ង់ដែលបានមកបណ្តាក់វិនិយោគលើវិស័យទេសចរណ៍នៅប្រទេសកម្ពុជាដែលជាប្រទេសប្រកបដោយសក្តានុពលទេសចរណ៍ និងមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អ ពិសេសគឺទទួលបាននូវការលើកទឹកចិត្តច្រើន និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោក Artur Gerber នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TUI BLUE HOTELS & RESORTS បានថ្លែងថា ការបើកដំណើរសណ្ឋាគារនេះ ជាការចាប់ផ្តើមគម្រោងដំបូងលើគម្រោងវិនិយោគជាច្រើនតទៀតរបស់ក្រុមហ៊ុននៅកម្ពុជា ហើយវត្តមានរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជានាពេលនេះ គឺផ្អែកលើសក្តានុពលទេសចរណ៍ដ៏ភ្លឺចែងចាំងដូចពេជ្រ និងវប្បធម៌ភ្លឺ​ពណ្ណរាយរបស់កម្ពុជា។

បន្ថែមនេះ លោកថា ការសម្ពោធសណ្ឋាគារនេះ ក៏បង្ហាញពីកិច្ចសហការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាសមិទ្ធិផលជាផ្លែផ្កា បន្ទាប់ពីជំនួបពិភាក្សាការងាររវាងក្រុមហ៊ុន និងឯកក្រសួងទេសចរណ៍ នាអំឡុងពេលការចូលរួមរបស់កម្ពុជានៅពិព័រណ៍អន្តរជាតិរដ្ឋធានីប៊ែរឡាំង នាដើមខែមីនា ឆ្នាំ២០២៥ កន្លងមក។​

សូមជម្រាបថា សណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយ TUI BLUE SIHANOUKVILLE មានទីតាំងស្ថិតនៅចំកណ្តាលក្រុងព្រះសីហនុ មានកំពស់១៧ជាន់ និងមានបន្ទប់ជិត២០០បន្ទប់ រួមទាំងបំពាក់បរិក្ខារទំនើបៗ អាងហែលទឹក សាលប្រជុំ និងBall Room ជាដើម។សណ្ឋាគារនេះ វិនិយោគដោយក្រុមហ៊ុន​ TUI BLUE HOTELS & RESORTS ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ដ៏ធំរបស់ប្រទេសអាលឺ្លម៉ង់ គ្រប់គ្រងលើសណ្ឋាគារ និងរីសេតចំនួនជាង៤០០កន្លែងដ៏ពេញនិយមជុំវិញពិភពលោក ដោយមានម៉ាកសញ្ញាពាណិជ្ជកម្មដ៏ល្បីច្រើនជាង១០ម៉ាក៕ អត្ថបទ៖ ហ្សាលីន