លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាន «មូលនិធិអប់រំកុមារ» បានអំពាវនាវដល់សប្បុរសជនទាំងអស់ សូមចូលរួមដោយស្ម័គ្រចិត្ត តាមកម្លាំងសទ្ធាជាមួយក្រុមការងារ «មូលនិធិអប់រំកុមារ» និងនិស្សិតស្ម័គ្រចិត្តនៃវិទ្យាស្ថានខេមអេដ ដើម្បីបន្តនាំយកជំនួយឧបត្ថម្ភជាសម្ភារៈសិក្សា កង់ និងថវិកាបន្តិចបន្តួច ជួយដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតប្រមាណ ១៨០នាក់ ស្ថិតនៅសាលាបឋមសិក្សា គ្រឿល ឃុំអណ្តូងពាធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនកាលពីថ្ងៃទី១៥ ខែឧសភា បានឱ្យដឹងថា ថវិកា និងសម្ភារៈដែលទទួលបានពីសប្បុរសជន លោក និងក្រុមការងារ នឹងយកទៅជូនដល់ក្មួយៗសិស្សានុសិស្ស នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ វេលាម៉ោង៩ព្រឹក។
លោកបណ្ឌិត គូសបញ្ជាក់បន្ថែមទៀតថា កម្មវិធីសប្បុរសធម៌នេះ បងប្អូនអាចចូលរួមបានដោយសេរី ដើម្បីជាបុណ្យកុសល និងរួមចំណែកជួយលើកកម្ពស់វិស័យអប់រំ កសាងសង្គមជាតិយើងទាំងអស់គ្នា។
សូមជម្រាបជូនថា សម្រាប់សិស្សានុសិស្សនៅសាលាបឋមសិក្សា គ្រឿល មានចំនួនសរុប ១៨០នាក់ ក្នុងនោះ មានសិស្សក្រីក្រចំនួន ២៨នាក់។ ក្រុមការងារមូលនិធិអប់រំកុមារ នឹងយកអំណោយជាកង់ចំនួន ២៨គ្រឿង និងសម្ភារៈសិក្សា១៨០សម្រាប់ផងដែរ។
គួរបញ្ជាក់ផងដែរថា «មូលនិធិអប់រំកុមារ» បានបង្កើតឡើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ និងចំណាយថវិកាផ្ទាល់របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អមជាមួយនឹងការចូលរួមពីសប្បុរសជននានា ដើម្បីជួយដល់កុមារតូចៗ ដែលស្រលាញ់ការសិក្សារៀនសូត្រ ប៉ុន្តែប្រឈមនឹងការបោះបង់ការសិក្សា ដោយសារតែមិនមានលទ្ធភាពក្នុងការបន្តការសិក្សារៀនសូត្រ។ កាលពីឆ្នាំ២០២៤ កន្លងទៅ មូលនិធិអប់រំកុមារ បាននាំយកជំនួយពីសប្បុរសជនជូនសិស្សានុសិស្សតាមសាលាខ្វះខាតបានជាង ១០០០នាក់ ហើយឆ្នាំ២០២៥ មូលនិធិគ្រោង នឹងបន្តសកម្មភាពនាំយកសម្ភារៈសិក្សាចែកជូនសិស្សនៅតាមសាលាខ្វះខាត ឱ្យបានចំនួនយ៉ាងតិច ២០០០នាក់។
«មូលនិធិអប់រំកុមារ» មានគោលដៅចង់ឱ្យកុមាដែលស្រលាញ់ការសិក្សារៀនសូត្រ អាចមានលទ្ធភាពរៀនសូត្របានយ៉ាងហោចណាស់ត្រឹមថ្នាក់ទី១២ ហើយប្រសិនជាកុមានោះខ្វះលទ្ធភាពបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនោះមូលនិធិនឹងព្យាយាមស្វែងរកអាហាររូបករណ៍ដល់កុមារដែលស្រលាញ់ការសិក្សាទាំងនោះថែមទៀត។
ប្រសិនបងប្អូនប្រជាពលរដ្ឋ ចាប់អារម្មណ៍ចង់ចូលរួមបរិច្ចាគថវិកាដើម្បីជួយកុមារខ្វះខាត តាមរយៈ «មូលនិធិអប់រំកុមារ» អាចទាក់ទងមកកាន់លេខទូរស័ព្ទ 078 699 299 ឬគណនី ABA: 007293177៕










