ការលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវ បានជួយទាក់ទាញភ្ញៀវទេសចរ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋបានខេត្តកំពង់ធំ បានប្រកាសដាក់ឱ្យអនុវត្តសាកល្បងគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវ ជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងមូលដ្ឋានខេត្តកំពង់ធំ ដែលការលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវនេះមានសារៈសំខាន់សម្រាប់សុខភាព និងជួយទាក់ទាញអ្នកទេសចរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា គំនិតផ្តួចផ្តើមនេះមានចែងក្នុងយុទ្ធសាស្រ្តជាតិស្តីពីការអភិវិឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលគោលដៅគាំទ្រអាជីវករលក់ម្ហូបអាហារតាមដងផ្លូវក្នុងខេត្ត ឱ្យអនុវត្តគោលការណ៍អនាម័យស្អាត ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងទាក់ទាញភ្ញៀវទេសចរសម្រាប់ខេត្ត។

ថ្លែងទៅកាន់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣.០០០ នាក់ លោក ហែម វណ្ណឌី បានលើកឡើងថា “តាមរយៈការអនុវត្តគោលការណ៍អនាម័យសាមញ្ញៗ ដូចជាការស្លៀកពាក់ ការលាងសម្អាត ការទុកដាក់បន្លែ សាច់ និងសំរាមជាដើមនេះ បងប្អូននឹងការពារអ្នកទទួលទានដែលជាអតិថិជន ព្រមទាំងអាចពង្រីកឱកាសអាជីវកម្មរបស់ខ្លួនឯងផង និងកសាងមុខមាត់សម្រាប់ខេត្តកំពង់ធំយើងផង។”

សម្រាប់គម្រោងសាកល្បងនេះ អ្នកជំនាញផ្នែកអនាម័យម្ហូបអាហារ នឹងសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងអាជីវករលក់ម្ហូបអាហារតាមដងផ្លូវមួយចំនួនដែលស្ម័គ្រចិត្តចូលរួម ដើម្បីផ្តល់ការបណ្តុះ បណ្តាល និងអនុវត្តគោលការណ៍អនាម័យម្ហូបអាហារ។

លោករដ្ឋមន្ត្រីបានពន្យល់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមានការទទួលបានអត្តសញ្ញាណផ្លូវការ ការលើកលែងកាតព្វកិច្ចផ្នែកពន្ធដារ អត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ការគាំពារសង្គម ការបណ្តុះបណ្តាលជំនាញបច្ចេកទេស លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងការអភិវឌ្ឍអាជីវកម្មជាដើម។

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ខេត្តកំពង់ធំមានទីតាំងស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា ជាខេត្តដែលមានផ្ទៃដីធំជាងគេទីពីរ និងមានប្រជាជនប្រមាណ ៩០០.០០០ នាក់។ ខេត្តនេះមានមូលដ្ឋានសេដ្ឋកិច្ចចម្បងផ្អែកលើវិស័យកសិកម្ម និងទេសចរណ៍ ហើយអាចទទួលអត្ថប្រយោជន៍ពីការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារតាមដងផ្លូវ ព្រោះជាតំបន់ឈប់សំចតដ៏ពេញនិយមសម្រាប់អ្នកធ្វើដំណើររវាងទីក្រុងភ្នំពេញ និងខេត្តសៀមរាប។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលពាក្យស្នើសុំចំនួន ៧០.៧៧០ ដោយខេត្តកំពង់ធំឈរនៅចំណាត់ថ្នាក់ទី៨៕