សម្តចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រាប់ទៅស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងស្ថានកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ឱ្យជួយសម្របសម្រួលឯកសារចាំបាច់នានា ជូនដល់បងប្អូនពលករខ្មែរនៅថៃដែលមានបំណងត្រឡប់មកកម្ពុជាវិញ។

នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តចធិបតី ហ៊ុន ម៉ាណែត បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែន ដើម្បីផ្តល់សេវានិងការសម្របសម្រួលចាំបាច់នានា ដល់បងប្អូនពលករខ្មែរ ដែលមានបំណងត្រឡប់មកកម្ពុជាវិញ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រាប់ទៅស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងស្ថានកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ឱ្យចេញឯកសារសម្រាប់ពលករកម្ពុជាដែលត្រូវការ និងឱ្យអាជ្ញាធរខេត្តតាមព្រំដែន ត្រៀមទទួលពលរដ្ឋ ក្នុងករណីពួកគេត្រឡប់មកកម្ពុជាវិញយ៉ាងគំហុក ទោះមាន ឬ គ្មានឯកសារ។
បន្ថែមពីនេះ សម្ដេចធិបតី ក៏បានប្រគល់ភារកិច្ចដល់រដ្ឋមន្រ្ដីក្រសួងការបរទេស និងរដ្ឋមន្រ្ដីក្រសួងការងារ ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលចង់វិលត្រលប់ពីប្រទេសថៃ ក្នុងនោះមានពលរដ្ឋខ្លះបញ្ហាលើឯកសារមួយចំនួន ដូច្នេះរដ្ឋមន្រ្ដីក្រសួងការបរទេសត្រូវឱ្យគោលការទៅស្ថានទូតកម្ពុជានៅថៃក៏ដូចជាកុងស៊ុលរបស់កម្ពុជានៅខេត្តស្រះកែវ និងបណ្ដាទីតាំងផ្សេងទៀត ធ្វើយ៉ាងណាសម្រួលឯកសារឱ្យប្រជាពលរដ្ឋដើម្បីពួកគាត់បានត្រលប់មកកម្ពុជាវិញ។
សូមជម្រាបដែរថា ពាក់ព័ន្ធនឹងការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសពីការត្រៀមខ្លួនជាស្រេច ក្នុងការទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរយើងត្រឡប់មកមាតុភូមិជាទីស្រឡាញ់វិញទាំងឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈផងដែរ៕ អត្ថបទ៖ ហ្សាលីន