លោក គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហាញសារលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា សម្លេងរាជសីហ៍របស់សម្តេចតេជោ បញ្ចេញសម្លេងយ៉ាងក្លេវក្លា និងមុះមុត ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាផង និងរដ្ឋាភិបាលថៃផង លើប្រធានបទសំខាន់ចំនួន ៣៖
១, ប្រើប្រាស់គ្រប់មធ្យោបាយ និងសម្របសម្រួលជូនប្រជាជនខ្មែរ និងពលករដែលត្រូវត្រឡប់មកកម្ពុជាវិញ បានទៅកាន់ស្រុកកំណើត និងជួយស្វែងរកការងារ ក៏ដូចជាគិតគូរអំពីការជួយដោះស្រាយអំពីបញ្ហាបំណុល ដែលបានគាំទ្រដោយសមាគមន៍ធនាគារ និងសមាគមហិរញ្ញវត្ថុ
២, ករណីបិទឬបើកច្រកព្រំដែន គឺបានបញ្ជាក់ច្បាស់ថា យោធាថៃជាអ្នកបិទ គឺត្រូវយោធាថៃជាអ្នកបើក ហើយកម្ពុជានឹងសម្របសម្រួល ព្រោះចំណងនេះយោធាថៃជាអ្នកចង គឺត្រូវជាអ្នកស្រាយដោយខ្លួនឯង។ កម្ពុជា ជាប្រទេសមានកិត្តិយស មានសេចក្តីថ្លៃថ្នូរ និងមានការទទួលខុសត្រូវ។ ជាមួយនេះ កម្ពុជា ក៏បានទុកឱសានវាតផងដែរ ដោយតម្រូវឱ្យថៃ បើកច្រកព្រំដែនឱ្យដូចដើមវិញ ក្នុងរយៈពេល ២៤ម៉ោង បើមិនដូច្នោះទេ នឹងប្រកាសបិទច្រកព្រំដែនជាមួយថៃ ហើយឈានទៅការបញ្ឈប់នាំចូលទំនិញថៃមកកម្ពុជា។
៣. ករណីការនាំតំបន់ទាំង ៤ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ព្រោះកម្ពុជា យល់ច្បាស់អំពីបញ្ហាដែលយន្តការដែលមានស្រាប់ JBC មិនអាចសម្រេចបាន ដោយតម្រូវឱ្យមានការប្រើប្រាស់ច្បាប់អន្តរជាតិនៃតុលាការយុត្តិធម៌អន្តរជាតិ ជាអ្នកកាត់ក្តី ហើយកម្ពុជានឹងទទួលយកលើសេចក្តីសម្រេចរបស់តុលាការ។ ជាមួយគ្នានេះ កម្ពុជា បានបញ្ជាក់គោលជំហរច្បាស់ គឺជ្រើសរើសច្បាប់អន្តរជាតិ និងសន្តិភាព ជាស្នូល និងប្រកាន់ខ្ជាប់បំផុត។ ព្រមជាមួយនោះដែរ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រទេសជាមិត្តទាំងអស់ សូមគាំទ្រកម្ពុជា ដែលជ្រើសរើសការអនុវត្តស្របតាមយន្តការច្បាប់អន្តរជាតិ និងសន្តិភាព។

សូមបញ្ជាក់ថា ការបញ្ចេញសម្លេងរាជសីហ៍របស់សម្តេចតេជោ យ៉ាងក្លេវក្លា និងមុះមុត ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាផង និងរដ្ឋាភិបាលថៃផង លើប្រធានបទសំខាន់ចំនួន ៣ ខាងលើ ក្នុងពេលថ្លែងសារពិសេស ពាក់ព័ន្ធការផ្ញើសារទៅកាន់ពលករកម្ពុជានៅថៃ, សារពីករណីច្រកព្រំដែនអន្តរជាតិកម្ពុជាថៃ និង សារអំពីបណ្តឹងរបស់កម្ពុជាទៅកាន់តុលាការ ICJ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ នៅក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា៕
