មេដឹកនាំកម្ពុជា-សិង្ហបុរី បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

លោក ឡរ៉េន ម៉ុង (LAWRENCE WONG) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងលោកជំទាវ រួមទាំងគណៈប្រតិភូរដ្ឋាភិបាលសិង្ហបុរី បានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសសិង្ហបុរីវិញហើយកាលពីល្ងាចថ្ងៃទី២ ខែកក្កដា  បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល១ថ្ងៃ តបតាមការអញ្ជើញរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបទ្វេភាគី ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាពេលនោះ សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា។

សម្តេចធិបតីបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ ស្របពេលខួបទី៦០ នៃការបង្កើតទំនាក់ទំនង ការទូតនៃប្រទេសទាំងពីរ បច្ចុប្បន្ននិងអនាគត និងបានឆ្លុះបញ្ចាំងអំពីភាពជាដៃគូយូរអង្វែងនិងរឹងមាំរវាងប្រទេសទាំងពីរ ក្នុងពេលថ្នាក់ដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ យូរអង្វែង និងប្រកប ដោយផ្លែផ្ការវាងកម្ពុជា-សិង្ហបុរី ព្រមទាំងសម្តែងក្តីរីករាយ និងស្វាគមន៍ចំពោះការរៀបចំនូវព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរខួបទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់អំពីការសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត និងគ្រប់វិស័យ ព្រមទាំងប្តេជ្ញាបន្តជំរុញពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

បន្ថែមលើនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សានិងឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន ពាណិជ្ជកម្ម វិនិយោគនិងហិរញ្ញវត្ថុ ការតភ្ជាប់ ប្រជាជននិងប្រជាជន ការពារជាតិនិងសន្តិសុខ កសិកម្ម សន្តិសុខស្បៀងនិងថាមពល និងការបណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈ។

សូមជម្រាបថា ក្នុងជំនួបនោះដែរ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងពីរ៕