ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញមោទនភាពចំពោះការអភិវឌ្ឍ និងការវិនិយោគរបស់ខេត្តកំពង់ស្ពឺ ខណៈខេត្តនេះ កំពុងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ព្រមទាំងមានរោងចក្រសហគ្រាសរហូតជាង ១.៤៤២កន្លែងផងដែរ។

នេះបើយោងតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ផ្ទះស្នាក់នៅគ្រូ ទីចាត់ការ និងសមិទ្ធផលនានា នៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គម៉ែជ័យ នាពេលនេះ គឺជាការយកចិត្តទុកដាក់ពីរដ្ឋាភិបាលលើកកម្ពស់នូវសុខភាពដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស រួមទាំងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ójyកាន់តែល្អ ប្រសើរបន្ថែមទៀតផងដែរ។
បន្ថែមពីនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បានបង្ហាញមោទនភាពដែលខេត្តកំពង់ស្ពឺ បានប្រែក្លាយពីខេត្តដែលឋិតនៅតំបន់គ្មានការអភិវឌ្ឍ លំបាកក្នុងការទាក់ទាញវិនិយោគ ប៉ុន្ដែពេលនេះក្នុងខេត្តមានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង និងមានរោងចក្រសហគ្រាសជាង ១.៤៤២កន្លែង មានកម្មករនិយោជិតសរុប ២៥៣.៩៤៦ នាក់ និងកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណ ៦ ម៉ឺននាក់បន្ថែមទៀត។
សូមជម្រាបដែរថា បើតាម លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនាឱកាសនោះដែរថា ក្រៅពីរោងចក្រសហគ្រាស ខេត្តកំពង់ស្ពឺ មានប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធស្រោចស្រពសំខាន់ៗ រួមមាន ស្ទឹងព្រែកត្នោត ស្ទឹងក្រាំងពន្លៃ និងស្ទឹងស្លាគូ រួមនឹងទំនប់ទឹក ចំនួន៣៧៥កន្លែង, ប្រព័ន្ធប្រឡាយមេ និងប្រឡាយរងសរុបចំនួន ៦៣២ខ្សែ ដែលអាចរំដោះទឹកជំនន់នៅរដូវវស្សា និងអាចស្រោចផ្ទៃដីស្រូវប្រមាណ ១១៧.៥៦៧ ហិកតា, វិស័យរ៉ែ និងថាមពល មានអាជីវកម្មរ៉ែ ១៦៤ ការដ្ឋាន, វិស័យអគ្គិសនីមាន២២ក្រុមហ៊ុន បន្ទុកថាមពល ២៣៦MW ព្រមទាំងវិស័យដទៃទៀត៕អត្ថបទ៖ហ្សាលីន


