កម្ពុជា កំពុងជំរុញការអនុវត្តការពង្រឹងអនុលោមភាពលើការនាំចូលធាតុចូលផលិតកម្មរបស់គម្រោងវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិភាក្សាសំដៅជំរុញការអនុវត្តការពង្រឹងអនុលោមភាពលើការនាំចូលធាតុចូលផលិតកម្មរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើការនាំចេញឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សានេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

កិច្ចប្រជុំនេះ បានឱ្យដឹងថា កន្លងមក ការអនុវត្តវិធានការពង្រឹងអនុលោមភាពលើការនាំចូលធាតុចូលផលិតកម្មរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើការនាំចេញ បានជួបប្រទះនូវបញ្ហាមួយចំនួនដែលទាមទារឱ្យស្ថាប័នទាំងពីរជួបពិភាក្សាដើម្បីរៀបចំយន្តការសមស្រប និងកំណត់នូវនិយាមនីតិវិធីប្រតិបត្តិការងារ (Standard Operation Procedure – SOP) ដើម្បីជំរុញឱ្យកិច្ចការនេះកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការ, ការលំបាក និងបញ្ហាប្រឈមរបស់វិនិយោគិន ដើម្បីធានាដល់ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគថ្មី និងការថែទាំវិនិយោគដែលមានស្រាប់។ លទ្ធផលនៃកិច្ចប្រជុំនេះ នឹងត្រូវគោរពរាយការណ៍ជូនថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរដើម្បីស្នើសុំមតិដឹកនាំ។

សូមរម្លឹកដែរថា រយៈពេល ៧ខែ នៃឆ្នាំ២០២៥ មានគម្រោងវិនិយោគរហូតដល់ទៅ ៤៤០ គម្រោងត្រូវបានអនុម័ត ក្នុងទំហំទុនវិនិយោគប្រមាណ ៦,៧ពាន់លានដុល្លារ។ ចំនួនគម្រោងដែលបានអនុម័តក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៥នេះ ជាតួលេខដែលច្រើនជាងរយៈពេល ១២ខែពេញ នៃឆ្នាំ២០២៤ ហើយក៏ជាតួលេខខ្ពស់ជាងគេបំផុតក្នុងកំណត់ត្រាប្រវត្តិការងារជាង៣០ឆ្នាំ បន្ទាប់ពីបង្កើត CDC៕អត្ថបទ៖ហ្សាលីន