ក្រុមហ៊ុន Rio Tinto បានចែករំលែកបទពិសោធន៍ពីសកម្មភាពវិនិយោគក្នុងវិស័យរ៉ែដល់កម្ពុជាដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយដល់ប្រតិភូកម្ពុជា ខណៈគណប្រតិភូកម្ពុជាដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុនខាងលើ។

ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា កាលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា គណៈប្រតិភូកម្ពុជា រួមមានទាំងផ្នែកឯកជនកម្ពុជា-អូស្ត្រាលីជាច្រើនរូប បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសកម្មភាពវិនិយោគក្នុងវិស័យរ៉ែដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ និងនវានុវត្តថ្មីៗ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Rio Tinto (Rio Tinto Research and Development facility) នៅតំបន់ Bundoora ដោយមានការទទួលបដិសណ្ឋារកិច្ចពីលោក Stuart Watson ប្រធានផ្នែកយុទ្ធសាស្ត្របច្ចេកទេស (Head of Technical Strategy)។

លោកបន្តថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានផ្នែកបានបង្ហាញអំពីរបកគំហើញថ្មីៗរបស់ក្រុមហ៊ុន ដែលសុទ្ធសឹងជាមធ្យោបាយប្រកបដោយនវានុវត្ត មានសារៈសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពធ្វើប្រតិបត្តិការរុករក និងកែច្នៃរបស់ក្រុមហ៊ុន ក៏ដូចជាចូលរួមកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន។ ការប្រើប្រាស់គោលការណ៍ធុរកិច្ចដែលមានការទទួលខុសត្រូវខ្ពស់ក្នុងការវិនិយោគ បានឆ្លុះបញ្ចាំងយ៉ាងគត់មុតពីការយកចិត្តទុកដាក់ដល់សុខុមាលភាពសង្គមដ៏ប្រសើរ។
ឆ្លៀតក្នុងឱកាសនេះដែរ គណៈប្រតិភូកម្ពុជា ក៏បានអញ្ជើញលោកប្រធានក្រុមហ៊ុន Rio Tinto មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងកាលានុវត្តភាពវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ៕ អត្ថបទ៖ហ្សាលីន


