រាជធានី ខេត្តចំនួន៥ នឹងទទួលបានគម្រោងវិនិយោគថ្មីចំនួន៩ ក្នុងតម្លៃទុន ៤២៣ លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

នាពេលឆាប់ខាងមុខនេះ រាជធានី ខេត្តចំនួន៥ នឹងទទួលបានគម្រោងវិនិយោគថ្មីចំនួន៩ ក្នុងតម្លៃទុន៤២៣លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានប្រមាណ ៥ពាន់កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមកិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី២ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤២៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៥ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៧គម្រោង រួមមាន៖ ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក បរិក្ខារអគ្គិសនីនិងបរិក្ខារអគ្គិសនីបំភ្លឺ, ផលិតប្រដាប់ព្យួរសម្លៀកបំពាក់, ផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ (បុណ្យណូអែលនិងបុណ្យ Halloween) និងវត្ថុអនុស្សាវរីយ៍, ជ្រលក់ពណ៌, ផ្គុំដំឡើងម៉ូតូ, ផលិតក្តារបន្ទះ និងផលិតក្រដាស, វិស័យទេសចរណ៍ចំនួន១គម្រោង៖ សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ១.៣៤១បន្ទប់, និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន១គម្រោង៖ បង្កើតកសិដ្ឋានបណ្តុះមេផ្សិតនិងផ្សិតគ្រប់ប្រភេទ និងវេចខ្ចប់កសិផល (ផ្សិត)។

គម្រោងវិនិយោគទាំង៩ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងចំនួន៥ គឺនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឹ កំពង់ឆ្នាំង និងស្វាយរៀង៕ អត្ថបទ៖ ហ្សាលីន