កម្ពុជា-ហូឡង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត សំដៅឈានទៅពង្រីកទំនាក់ទំនងប្រទេសទាំងពីរ។នេះបើយោងតាមជំនួបពិភាក្សា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជាជាមួយលោក Remco Johannes van Wijngaarden ឯកអគ្គរាជទូតហូឡង់ប្រចាំកម្ពុជា។

នាឱកាសនោះ ឯកអគ្គរាជទូតហូឡង់ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដែលកំពុងមានការវិវត្តជាវិជ្ជមានជាបន្តបន្ទាប់ ជាពិសេសការរីកចម្រើនលើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរាជទូតបានគូសរំលេចពីការកើនឡើងគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគីដែលបានកើនឡើង រហូតដល់ជាង ១ ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។ ជាមួយគ្នានេះ លោកឯកអគ្គរាជទូតក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនហូឡង់ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជានាពេលបច្ចុប្បន្ន។
ជាការឆ្លើយតប, សម្ដេចធិបតី វាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ឯកឧត្តម ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង, និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនលើវិស័យជាច្រើន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ សម្ដេចធិបតីបានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អនាពេលបច្ចុប្បន្ននឹងជួយពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត ស្របពេលដែលប្រទេសទាំងពីរនៅមានសក្ដានុពលក្នុងវិស័យជាច្រើនទៀត ដែលអាចពង្រីកការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត។
សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ សម្ដេចធិបតី និងលោកឯកអគ្គរាជទូត ក៏បានបន្តពិភាក្សាគ្នាអំពីការជំរុញការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ធុរកិច្ច និងការវិនិយោគនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដោយបានឯកភាពជំរុញការតភ្ជាប់រវាងវិស័យឯកជន និងឯកជន (B2B) តាមរយៈការរៀបចំទស្សនកិច្ចធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្មនានា ដើម្បីស្វែងរកកាលានុវត្តភាពនៃការវិនិយោគ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន៕អត្ថបទ៖ហ្សាលីន


