ប្រធានសភាពាណិជ្ជកម្មកូរ៉េ បានរំលេចថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានសុវត្ថិភាពហើយទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគរបស់សាធារណរដ្ឋកូរ៉េ។នេះបើយោងតាមប្រសាសន៍របស់លោក ផាក ជូបុង (Park Joo Bong) ប្រធានក្រុមហ៊ុន Daejoo KC Group និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆន់ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។


នាឱកាសនោះ លោក ផាក ជូបុង បានលើកឡើងនូវទិដ្ឋភាពបរិយាកាសនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាដោយលោកបានរំលេចថាប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានសុវត្ថិភាពហើយទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគរបស់សាធារណរដ្ឋកូរ៉េ។ លោកបន្តថានៅពេលនេះក្រុមអ្នកវិនិយោគកំពុងតែស្វែងរកឱកាសបន្ថែមទៀតដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ហើយអ្វីដែលជាការកត់សម្គាល់សំខាន់នោះគឺទៅលើស្វាយចន្ទី។
ក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងការអរគុណចំពោះការចាប់អារម្មណ៍របស់អ្នកវិនិយោគសាធារណរដ្ឋកូរ៉េមកកាន់ប្រទេសកម្ពុជា។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការចាប់អារម្មណ៍ទៅលើការវិនិយោគផ្នែកកសិកម្មពោលគឺស្វាយចន្ទី ដោយសម្ដេចបានរំលេចថា ប្រទេសកម្ពុជាមាននូវផលិតផលជាច្រើនសម្រាប់ធ្វើការវិនិយោគបន្តទៀត ជាពិសេសគឺផលិតផលកសិកម្មដែលជាវត្ថុធាតុដើម។ សម្ដេចបន្តទៀតថា អ្វីដែលកម្ពុជាត្រូវការបន្ថែមនោះគឺអ្នកវិនិយោគដែលអាចកែច្នៃនូវកសិផលរបស់កម្ពុជាដើម្បីយកទៅលក់នៅទីផ្សារកូរ៉េផង និងនៅលើទីផ្សារពិភពលោកផង។
សម្ដេចតេជោ បានបន្តទៀតថា ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ គឺពាណិជ្ជកម្ម និងការវិនិយោគនេះឯង ដូច្នេះតាមរយៈក្រុមអ្នកវិនិយោគរបស់កូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជានៅពេលនេះ នឹងជាឱកាសបន្ថែមទៀតដើម្បីធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជាហើយជាមួយគ្នានេះ សម្ដេចតេជោបានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលពេលនេះជាដៃគូយុទ្ធសាស្ត្រជាមួយគ្នាហើយសម្ដេចសង្ឃឹមថា ទៅថ្ងៃខាងមុខ ជាពិសេសនៅក្នុងឱកាសខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េឡើងវិញនោះ គឺប្រទេសទាំងពីរនឹងអាចដើរដល់ជំហានមួយទៀតគឺការបង្កើតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយគ្នា៕អត្ថបទ៖ហ្សាលីន




