ប្រមុខដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) មិនគួរត្រូវបានប្រទេសណាមួយប្រើអាវុធវាយប្រហារ ឬកាន់កាប់ទឹកដីប្រទេសមួយឡើយ។

ថ្លែងក្នុងឱកាសអញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) មិនគួរត្រូវបានប្រទេសណាមួយប្រើជាអាវុធប្រឆាំងនឹងប្រទេសមួយផ្សេងទៀតឡើយ។
សម្តេចបញ្ជាក់ថា គោលបំណងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏មិនគួរត្រូវបានប្រទេសណាមួយប្រើជាលេសដើម្បីប្រើកម្លាំងវាយប្រហារ ឬកាន់កាប់ទឹកដីអធិបតេយ្យរបស់ប្រទេសមួយផ្សេងទៀត ដែលជាការរំលោភបំពានយ៉ាងច្បាស់លាស់លើគោលការណ៍ច្បាប់អន្តរជាតិ។ បាតុភូតនេះបានកើតឡើងជាអកុសលមកលើប្រទេសកម្ពុជាក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។

ផ្ទុយទៅវិញ សម្តេចធិបតីថា កិច្ចខិតខំប្រឹងប្រែងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគួរតែជាហេតុផលសម្រាប់បណ្តាប្រទេសនានាធ្វើការរួមគ្នាដោយស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហាសម្រាប់ផលប្រយោជន៍រួម។ មិនមានប្រទេសណាមួយអាចដោះស្រាយ បញ្ហាប្រឈមឆ្លងដែននេះដោយប្រសិទ្ធភាពតែម្នាក់ឯងបានឡើយ។
បន្ថែមពីនេះ សម្តេចធិបតីថា ដូចទៅនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដែរ គ្រប់ប្រទេសទាំងអស់ត្រូវតែទទួលខុសត្រូវយ៉ាងសកម្មក្នុងការអប់រំ និងការពារពលរដ្ឋរបស់ខ្លួន។ ពួកគេត្រូវតែអនុវត្តវិធានការតឹងរ៉ឹងដើម្បីព្រមានប្រជាជនរបស់ពួកគេប្រឆាំងនឹងការផ្តល់ការងារនៅបរទេសបោកប្រាស់ និងជាអន្ទាក់នៃការឆបោកហិរញ្ញវត្ថុ។
ជាថ្មីម្តងទៀថា សម្តេចធិបតី បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលទាំងអស់ក៏ត្រូវតែធ្វើយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈជាប្រចាំ ដើម្បីអប់រំពលរដ្ឋរបស់ខ្លួនអំពីយុទ្ធសាស្ត្រវិវឌ្ឍន៍នៃការបោកប្រាស់តាមប្រព័ន្ធឌីជីថល។ នេះគឺដើម្បីធានាថាជនដែលងាយរងគ្រោះមិនធ្លាក់ខ្លួនជាជនរងគ្រោះនៃការឆបោកតាមប្រព័ន្ធអនឡាញ។
តាមរយៈសន្និសីទខាងលើ សម្តេចធិបតី បានប្រកាន់ជំហរថា កម្ពុជាទទួលខុសត្រូវពេញលេញក្នុងការធានាសន្តិសុខព្រំដែនរបស់យើង ការអនុវត្តច្បាប់របស់យើង និងការស្តារឡើងវិញនូវបូរណភាពនៃដែនយុត្តាធិការជាតិរបស់យើង។ គណនេយ្យភាពត្រូវតែបង្ហាញឱ្យឃើញតាមរយៈសកម្មភាពផ្ទៃក្នុងដែលមិនយោគយល់ឡើយ។ សម្រាប់ហេតុផលនេះ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ យើងបានលើកកម្ពស់រចនាសម្ព័ន្ធបញ្ជាការរបស់យើងទៅជាគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (CCOS) ក្រោមការដឹកនាំផ្ទាល់របស់សម្តេចផ្ទាល់៕អត្ថបទ៖ហ្សាលីន

