ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានជ្ញាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យខ្លាំងថែមទៀត សំដៅឈានទៅជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ។

នេះបើយោងតាមជំនួបពិភាក្សាកាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ រវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយ Ishizuki Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមត្រូវបានរដ្ឋាភិបាលជប៉ុនតែងតាំង ជាឯកអគ្គរាជទូតថ្មីនៅកម្ពុជា។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចានប់ដុល បានស្វាគមន៍ និងជំនឿថា តាមរយៈបទពិសោធន៍ និងសមត្ថភាពដ៏ប៉ិនប្រសព្វរបស់លោកអគ្គរាជទូត ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងជប៉ុន នឹងត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែរីកចម្រើនថែមទៀតលើគ្រប់វិស័យ។

ជាការឆ្លើយតប លោកឯកអគ្គរាជទូត ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក.អ.ក. និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ការដោះដូរពាណិជ្ជកម្ម និងការបញ្ជ្រាបទុនវិនិយោគជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែមានសន្ទុះបន្ថែមទៀតផងដែរ។
នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាយ៉ាងស៊ីជម្រៅលើទិដ្ឋភាពទូទៅនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការអភិវឌ្ឍធនធានមនុស្ស និងការហូរចូលនៃទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ពីសំណាក់ក្រុមហ៊ុនវិនិយោគិនជប៉ុន។

សូមជម្រាបដែរថា ក្នុងជំនួបនេះ ភាគីទាំងពីរបង្ហញជំនឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងយន្តការសន្ទនាផ្លូវការដែលមានស្រាប់ នឹងបន្តជាប្រភពថាមពលដ៏សំខាន់ក្នុងការទាក់ទាញទុនវិនិយោគពីប្រទេសជប៉ុនបន្ថែមទៀត ដើរទន្ទឹមគ្នានឹងការជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លា៕អត្ថបទ៖ហ្សាលីន

