លោកស្រី សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកសម្ពោធ «ពិព័រណ៍ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន លើកទី១» នាល្ងាចថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល Kunming Plaza ទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលដៅបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

ពិធីបើកជាផ្លូវការនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមមាន លោកស្រី ឈឹង ស៊ីម៉ន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ទី នីតូ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក XU Changjiang អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្តយូណាន និងលោក ហេង ពិសាល អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ព្រមទាំងតំណាងសហគ្រាស និងភ្ញៀវកិត្តិយសជាច្រើនរូប។
ពិព័រណ៍នេះត្រូវបានរៀបចំឡើងជាលើកដំបូង ក្រោមគំនិតផ្តួចផ្តើមរបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពន្លឿនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី»។ ព្រឹត្តិការណ៍នេះ មានការដាក់តាំងបង្ហាញផលិតផលខ្មែរចំនួន ៣០ ក្រុមហ៊ុន និងផលិតផលចិនចំនួន ៥០ ក្រុមហ៊ុន សរុប ៨០ ក្រុមហ៊ុន សំដៅសម្រេចឱ្យបាននូវគោលដៅធំៗចំនួន ៦ រួមមាន៖ ការរឹតចំណងការទូត និងទំនាក់ទំនងប្រជាជន, ការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងម្ហូបអាហារ, ការលើកកម្ពស់វប្បធម៌ និងបេតិកភណ្ឌ, កិច្ចសហប្រតិបត្តិការកីឡា, ការជំរុញទេសចរណ៍ទ្វេភាគី និងការពង្រឹងភាពជាដៃគូសេដ្ឋកិច្ច។
ជាផ្លែផ្កានៃព្រឹត្តិការណ៍នេះ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រីអនុរដ្ឋលេខាធិការ បានបន្តអញ្ជើញចូលរួមក្នុង «ជំនួបធុរកិច្ចលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា-ចិន» ដែលមានសហគ្រិននៃប្រទេសទាំងពីរសរុប ១៤ ក្រុមហ៊ុន ចូលរួមចរចាផ្គូផ្គងពាណិជ្ជកម្ម ព្រមទាំងបានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុន H.P.G. Co., Ltd. និងក្រុមហ៊ុន Yunnan Fukai Technology Co., Ltd. និងបានប្រគល់មេដាយកិត្តិយសជូនបណ្តាក្រុមហ៊ុនឧបត្ថម្ភគាំទ្រពិព័រណ៍នេះផងដែរ៕







