សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា កម្ពុជាបានកំណត់យករយៈពេល ៥ឆ្នាំ ដើម្បីត្រៀមលក្ខណៈ និងចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) នៅចុងឆ្នាំ២០២៩ បន្ទាប់ពីបានបំពេញលក្ខខណ្ឌសូចនាករទាំង ៣ លើកទី២ នៅឆ្នាំ២០២៤ ក្នុងគោលបំណងពង្រឹងភាពធន់ ទាក់ទាញការវិនិយោគ និងបង្កើនការប្រកួតប្រជែងក្នុងបរិបទថ្មី។

ថ្លែងនៅក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាបានចូលជាប្រទេស LDC តាំងពីឆ្នាំ១៩៩១ និងបានបំពេញលក្ខខណ្ឌវាយតម្លៃលើកទី១ នៅឆ្នាំ២០២១ ដោយសម្រេចបានលើសសូចនាករសំខាន់ៗរួមមាន ចំណូលផលទុនជាតិសរុបសម្រាប់មនុស្សម្នាក់ សន្ទស្សន៍ទ្រព្យមនុស្ស និងសន្ទស្សន៍ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។
សម្ដេចធិបតី សង្កត់ធ្ងន់ថា ការជ្រើសរើសពេលវេលាចាកចេញនៅឆ្នាំ២០២៩ ជំនួសឱ្យឆ្នាំ២០២៧ ត្រូវបានបញ្ជាក់ថា ជាការយកពេលវេលាត្រៀមលក្ខណៈ ពង្រឹងស្ថាប័ន សម្របទីផ្សារ និងដៃគូពាណិជ្ជកម្ម ដើម្បីប្រែក្លាយការចាកចេញពី LDC ទៅជាឱកាសបង្កើតការងារ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ជាជាងប្រឈមនឹងភាពរអាក់រអួល៕






