លោក​គួច ចំរើន​ លាន់​មាត់ ថ្ងៃ​ឈប់​សម្រាក​ចូល​​ឆ្នាំចិន​​​គ្មាន​សម្រាម​រាយប៉ាយតាម​ឆ្នេរ​​ដូចមុន​

សង្គម​និង​សេដ្ឋកិច្ច

អភិបាល​ខេត្តព្រះសីហនុ លោក គួច ចំរើន បាន​កត់សម្គាល់​ពី​កា​រផ្លាស់ប្តូរ​ឥរិយាបថ​​បងប្អូន​ដែល​មក​លេង​ខេត្តព្រះសីហនុនា​ឱកាស​ថ្ងៃ​សម្រាក​ចូលឆ្នាំ​ចិន​ លើ​ការ​ទុក​ដាក់​សម្រាម​បាន​យ៉ាងត្រឹមត្រូវ លែង​មានការ​ចោល​ពាសវាល​ពាសកាល​ដូច​ប៉ុន្មាន​ឆ្នាំ​មុន​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឃើញ​ទិដ្ឋភាពផ្លាស់ប្តូរ​យ៉ាង​ល្អ​បែប​នេះ​ រហូត​ដល់ថ្នាក់ដឹកនាំ​រូប​នេះ​ថ្លែង​ទាំង​ទឹកចិត្ត​រំភើប​ថា ឆ្នាំថ្មី​ពិតជានាំមកនូវសេរីសួស្ដី​ល្អគ្រប់ៗគ្នា​។

ជាញឹកញយ មហាជន​តែងតែ​ឃើញ​អតីតចៅហ្វាយ​ខេត្ត​កំពង់ចាម​ដែល​បាន​ផ្លាស់ទៅដឹកនាំ​ខេត្តព្រះសីហនុ​នេះតែងតែ​ផ្ញើសារ​​វាយប្រហារ​លើ​អ្នក​ចោលសំរាម​ពាសវាលពាសកាល ឲ្យ​ភ្ញាក់រលឹកចូលរួម​ថែរក្សា​ទីក្រុង​ឆ្នេរ​​មួយ​នេះ ដែល​រដ្ឋាភិបាល​បាន​ចាត់ទុកជាខេត្ត​ប៉ូលសេដ្ឋកិច្ច​ដ៏​សំខាន់ និង​ជា​​ទីក្រុងទំនើប​​ស៊ីវិល័យដែលចាំបាច់​ត្រូវ​​ថែរក្សា​បាន​ទាំង​សណ្តាប់ធ្នាប់ និង​បរិស្ថាន​អនាម័យ។

បើ​តាម​រដ្ឋបាល​ខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនរយៈពេល ០៣ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ មានភ្ញៀវទេសមកកំសាន្តនៅខេត្តព្រះសីហនុ មានចំនួនសរុប ៩២,៧៦២ នាក់ កើនឡើង ១៣.០៣% បើធៀបនឹងរយៈពេល០៣ថ្ងៃដូចគ្នាក្នុងឆ្នាំ២០២១ កន្លងទៅ។

ការកើនឡើងនៃភ្ញៀវទេសចរនេះដោយសាររដ្ឋបាលខេត្តបាន​រៀបចំ​និង​អភិវឌ្ឍដោយ​កែលម្អសោភ័ណភាពតំបន់ឆ្នេរ មានដូចជា ការរៀបចំក្រាលថ្មក្រានីត ផ្លូវថ្មើរជើង ផ្លូវជិះកង់ ការដាំស្មៅ និងដាំដើមឈើបន្ថែម ភ្លើងបំភ្លឺសាធារណៈ ព្រមទាំងការរៀបចំបន្ទប់ទឹកសាធារណៈ សំដៅប្រែក្លាយក្រុងព្រះសីហនុទៅជាក្រុងទំនើប មានសោភ័ណភាព និងបរិស្ថានល្អ ដែលអាចទាក់ទាញភ្ញៀវទេចរណ៍ និងអ្នកវិនិយោគចូលមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើង៕