ក្រសួងធនធានទឹក ស្នើឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកចេះសន្សំសំចៃផង

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈនេះ បានស្នើឲ្យប្រជាពលរដ្ឋបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាលតំបន់ជនដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។ ក្រសួងធនធានទឹកបានបញ្ជាក់ថា បើទោះបីនៅក្នុងរដូវប្រាំង និងដើមរដូវវស្សាអាចនឹងមានភ្លៀវកក់ខែច្រើន តែបរិមាណទឹកភ្លៀងដែលធ្លាក់មកមិនទាន់សមល្មមក្នុងការប្រើប្រាស់ និងឆ្លើយតបតាមតម្រូវភ្លាមៗនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of body of water and grass

តាមរយៈការព្យាករអាកសាធាតុលើកទី១ សម្រាប់រដូវប្រាំង ឆ្នាំ២០២១-២០២២ និងដើមរដូវវស្សា ឆ្នាំ២០២២នេះ ក្រសួងធនធានទឹក បានបង្ហាញថា ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២២នេះ នៅកម្ពុជាបន្តទទួលរងនូវឥទ្ធិពលបាតុភូតឡានីណា ប្រមាណ ៨៥% និងថយចុះសន្សឹមៗឆ្ពោះទៅបាតុភូត Neutral ដែលជាបាតុភូតនៅចន្លោះរវាងអែលនីណូ ប្រភេទក្តៅ និងឡានីណា ប្រភេទត្រជាក់ ប្រមាណ ៧០%វិញ ព្រមជាមួយគ្នានឹងបាតុភូត អែលនីណូ មានប្រមាណ ១០%។ 

បើតាមក្រសួងធនធានទឹក សម្រាប់រដូវប្រាំង សីតុណ្ហភាពអាចទាបជាងធម្យមភាគច្រើនឆ្នាំ ខណៈខែកុម្ភៈនេះ តាមបណ្តាខេត្តតំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា នឹងអាចស្ថិតនៅក្នុងរង្វង់ពី ២១-២៤អង្សាសេ។ ដោយឡែក នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពអប្បបរមា នឹងអាចស្ថិតនៅក្នុងរង្វង់ពី ១៨-២១អង្សាសេ ហើយតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមានឹងអាចស្ថិតក្នុងរង្វង់ពី ២០-២៣អង្សាសេ។

May be an image of 2 people, road and street

ទន្ទឹមនឹងនោះ ចាប់ពីខែមេសាដល់ខែឧសភា ធាតុអាកាសនឹងកើនកម្តៅជាបន្តបន្ទាប់។ ក្នុងនោះ តាមបណ្តាខេត្តតំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា នឹងអាចស្ថិតនៅក្នុងរង្វង់ពី ៣៥-៣៨អង្សាសេ និងនៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពអប្បបរមា នឹងអាចស្ថិតនៅក្នុងរង្វង់ពី ៣៤-៣៧អង្សាសេ  ដោយឡែក តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមានឹងអាចស្ថិតក្នុងរង្វង់ពី ៣២-៣៥ អង្សាសេ។

ជាមួយគ្នានេះដែរ ក្នុងខែមេសា និងខែឧសភា កម្រិតសីតុណ្ហភាពអតិបរមាអាចនឹងកើនឡើងខ្ពស់បំផុតក្នុងរង្វង់ពី ៣៧-៣៩អង្សាសេ។

May be an image of road, tree and grass

បន្ថែមលើនេះ តាមការព្យាករបរិមាណទឹកភ្លៀង អាចនឹងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងច្រើនជាងឆ្នាំ២០២១ ដោយចាប់ពីខែកុម្ភៈនេះ រហូតដល់ដើមខែឧសភា អាចនឹងមានភ្លៀងកក់ខែពីមធ្យមទៅច្រើន។ ទន្ទឹមនឹងនោះក៏មានការកើតឡើងនូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើនផងដែរ។

យ៉ាងណា សម្រាប់ដើមរដូវវស្សាខាងមុខនេះ នៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី ១ នៃខែឧសភា និងតំបន់ខ្ពង់រាប អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី ២ នៃឧសភា៕