លោក វង្សី វិស្សត៖ ការបញ្ចុះតម្លៃពន្ធប្រេងឥន្ធនៈនៅកម្ពុជានឹងធ្វើឱ្យប៉ះពាល់ចំណូលនិងថវិកាជាតិ

សង្គម​និង​សេដ្ឋកិច្ច

មន្រ្តីរដ្ឋាភិបាលទទួស្គាល់ថា ការហក់ឡើងតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ​ ពិតជាប៉ះពាល់ដល់ប្រជាពលរដ្ឋ​មួយចំនួនពិតមែន។ ផ្ទុយទៅវិញ ការបញ្ចុះតម្លៃពន្ធប្រេងឥន្ធនៈនៅកម្ពុជានឹងធ្វើឱ្យប៉ះពាល់ចំណូលនិងថវិកាជាតិសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចទាំងមូល។ នេះបើតាមការគូសបញ្ជាក់របស់លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនៅក្នុង​វេទិកាសាធារណៈ ស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២» នាថ្ងៃទី១៨កុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វង្សី វិស្សុត បានបញ្ជាក់ថា ប្រសិនបើតម្លៃពន្ធនោះគ្មានស្ថេរភាព កម្ពុជានឹងប្រឈម​បាត់បង់​ក្រុមហ៊ុនវិនិយោគ ហើយវាក៏នឹងធ្វើអោយកម្ពុជាបាត់បង់​ចំណូល​និងថវិកាជាតិសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចទាំងមូលផងដែរ។

តម្លៃ​ប្រេង​ឥន្ធនៈ​លក់​រាយ​នៅ​លើ​ទីផ្សារ បច្ចុប្បន្ននេះ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ខណៈដែលប្រជាពលរដ្ឋ​ចាប់​ផ្តើម​រអ៊ូរ​ទាំ ​និង​ស្នើ​ឲ្យ​រដ្ឋ​ជួយ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​។ ក្រសួងពាណិជ្ជកម្ម​ កាលពីថ្ងៃទី១៦កុម្ភៈនេះ បាន​ចេញតម្លៃប្រេងឥន្ធនៈ​លក់​រាយ​នៅ​តាម​ស្ថានីយចាប់ពីថ្ងៃ ១៦ ដល់ ២៨ កុម្ភៈ ២០២២ ដោយតម្លៃលក់រាយប្រេងសាំងធម្មតា តម្លៃ ៤.៧០០​ រៀល/លីត្រ ចំណែកប្រេងម៉ាស៊ូត ៤.៤៥០ រៀល/លីត្រ។

បើ​ធៀប​តម្លៃ​​ប្រកាស​លក់​កាលពីថ្ងៃ ០១ ដល់ ១៥ កុម្ភៈ ២០២២ តម្លៃ​សាំង​ធម្មតាឡើង ២០០ រៀល​ ពី ៤ ៥០០ រៀល ទៅ ៤ ៧០០ រៀល និងម៉ាស៊ូត​ពី ៤ ២៥០ រៀលដល់ ៤៤៥០ រៀល។

បើតាមក្រសួងសេដ្ឋកិច្ច ​តម្លៃ​ប្រេង​ឥន្ធនៈ​លក់​រាយ ​ចាប់​ពី​ថ្ងៃ​ទី​១៦​ដល់​២៨​ខែ​កុម្ភៈ​នេះ​ នឹង​ត្រូវ​លក់ ​៤.៨៦០​រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​សាំង​ធម្មតា​ដោយ​ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេង​ឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ។ តែ​ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា ​តម្លៃ​សាំង​ធម្មតា​នេះ​គឺ​ចុះ​មក​ត្រឹម​តែ​៤.៧០០​រៀល​តែ​ប៉ុណ្ណោះ​ ដោយ​មាន​ការ​សម្រួល​ពី​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ចែក​ចាយ​ប្រេង​ឥន្ធនៈ​ក្នុង​ប្រទេស​កម្ពុជា​៕