ក្រុមហ៊ុនជប៉ុន ចាប់ដៃអង្គភាព ACU ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងលើកកម្ពស់ភាពស្អាតស្អំនៅក្នុងវិស័យឯកជន

សង្គម​និង​សេដ្ឋកិច្ច

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ និងលើកកម្ពស់ភាពស្អាតស្អំនៅក្នុងវិស័យឯកជន ក្រុមហ៊ុនជប៉ុន ដែលមានទីស្នាក់ការនៅប្រទេសស្វីស និងមានបុគ្គលិកជិត ៥០០នាក់នៅកម្ពុជា JT International Cambodia Co., Ltd ហៅកាត់ថា JTI បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា MoU ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ACU កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការចុះ MoU នេះក្នុងន័យចូលរួមចំណែក ជាមួយកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ខណៈដែលភាគីទាំងពីរ បានទទួលស្គាល់អំពីការពង្រឹងចំណងសហការ ក្នុងការការពារ និងទប់ស្កាត់អំពើពុករលួយ តាមរយៈកិច្ចសហប្រតិបត្តិការស្អិតល្មួត។

លោក ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា នេះគឺជាឱកាសដ៏ប្រសើរ សម្រាប់អង្គភាព ACU និងក្រុមហ៊ុន JTI ក្នុងការចូលរួមជាមួយសហគមន៍វិស័យឯកជន ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយឲ្យមានប្រសិទ្ធភាពខ្ពស់។

លោកគូសបញ្ជាក់ថា ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ចាំបាច់ត្រូវធ្វើការជាប់ជាមួយគ្នានិច្ច ហើយត្រូវធានាថា យន្តការនៃការប្រឆាំងអំពើពុករលួយ ត្រូវបានអនុវត្តជាប្រចាំ។

ចំណែក លោក Roy Manalili អគ្គនាយកនៃក្រុមហ៊ុនJTI ប្រចាំកម្ពុជា បានលើកឡើងផងដែរថា យើងគឺជាក្រុមហ៊ុនជប៉ុន ដែលតែងតែអនុលោមទៅតាមច្បាប់ក្នុងស្រុក និងគោលការណ៍ក្រមប្រតិបត្តិរបស់ក្រុមហ៊ុន។ យើងនឹងបន្តបេ្តជ្ញាចិត្ត ក្នុងការអនុវត្តប្រតិបត្តិការអាជីវកម្មប្រកបដោយភាពទទួលខុសត្រូវ និងសុចរិតភាព។

លោកបន្តថា អនុស្សារណៈនេះ គឺជាសក្ខីភាពមួយ នៃការបេ្តជ្ញាចិត្តរបស់យើង JTI នឹងបន្តធ្វើតែរឿងដែលត្រឹមត្រូវ។

គួររម្លឹកថា ក្រុមហ៊ុន JTI ជាក្រុមហ៊ុនដំបូងគេនៅប្រទេសកម្ពុជា ដែលទទួលបានពានរង្វាន់ក្រុមហ៊ុនឆ្នើម កម្រិតពិភពលោក ពីវិទ្យាស្ថានTop Employer Institute នៅប្រទេសហូឡង់ផងដែរ៕