សម្តេចនាយករដ្ឋមន្រ្តីណែនាំកីឡាករ មិនត្រូវធ្វើអ្វីដែលនាំដល់ការអាប់ឱនកិត្តិយសជាតិនោះឡើយ

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនី ដែលទៅចូលរួមប្រកួតកីឡា SEA Games នៅប្រទេសវៀតណាមនាពេលខាងមុខនេះ ត្រូវប្រកាន់ភ្ជាប់ថា ពេលចេញទៅប្រកួត គឺតំណាងឱ្យជាតិទាំងមូល។ សម្តេចបន្តថា សេចក្តីថ្លៃថ្នូររបស់ជាតិ គឺពិតជាសំខាន់ណាស់ ដូច្នេះយើងមិនត្រូវធ្វើអ្វីដែលនាំដល់ការអាប់ឱនកិត្តិយសជាតិនោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពេលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក ចំនួន៥៦០នាក់ មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ។

សម្តេចតេជោ បានណែនាំដល់កីឡករ កីឡាការិនីទាំងអស់ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងប្រកួត តែត្រូវចៀសវាងការបំពានច្បាប់ និងលក្ខខណ្ឌប្រកួត ក៏ដូចជាការប្រើប្រាស់សារធាតុប៉ូវកម្លាំងជាដើម។ សម្តេចបន្ថែមថា ទោះបីដាក់គោលដៅយកមេដាយឱ្យបានច្រើនក៏ដោយ តែមិនត្រូបំពានច្បាប់ បំពានវិន័យ និងការប្រើប្រាស់ថ្នាំប៉ូវ កម្លាំងជាដាច់ខាតដែលនាំឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ជាតិ។

ទន្ទឹមនឹងនោះ ប្រមុខរាជរដ្ឋាភិបាល ក៏បានកោតសរសើរចំពោះសមត្ថភាពកីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលបានខិតខំហ្វឹកហ្វឺនដល់កីឡាករទាំងអស់ទទួលបានជ័យជំនះជាបន្តបន្ទាប់។ ក្នុងឱកាសនៃការទៅចូលរួមប្រកួតកីឡា SEA Games នៅប្រទេសវៀតណាមខាងមុខ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់អោយខិតខំប្រឹងប្រែងដើម្បីទទួលបានជ័យជំនះបន្ថែមទៀត ។

ជាមួយគ្នានេះ ការចេញទៅប្រកួតលើកនេះសរុបទាំងអស់មានចំនួន៥៦០ នាក់ ដែលក្នុងនោះមានថ្នាក់ដឹកនាំប្រមាណជាង៤០នាក់ ដែលនេះចំនួនដ៏សមស្របមួយ ខណៈដែលសម្តេចក៏បានឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកចំនួន ៥៦០នាក់ ក្នុងម្នាក់ៗទទួលបាន $500 សម្រាប់ការធ្វើដំណើរផងដែរ៕