ថៃផ្ញើសារមកកម្ពុជា អនុញ្ញាតឲ្យភ្ញៀវទេសចរធ្វើដំណើរចេញ-ចូលបានចាប់ពីថ្ងៃទី១ឧសភា

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសថៃ បើកឱ្យភ្ញៀវទេសចរអាចធ្វើដំណើរចេញ-ចូលប្រទេសខ្លួនបាន ចាប់ពីថ្ងៃទី១ ខែឧសភានេះតទៅ តាមច្រកទ្វារព្រំដែនចំនួន២នៅខេត្តស្រះកែវ ជាប់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គឺច្រកព្រំដែនបានខ្លងលឹក ស្រុកអារញ្ញ ខាងកម្ពុជាគឺច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនបានខាវដិន ស្រុកខ្លងហាត ខាងកម្ពុជាច្រកទ្វារអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈលិខិតភាគីថៃជូនដំណឹងមកឲ្យអាជ្ញាធរកម្ពុជា បានបញ្ជាក់ថា ការបើកចក្រទ្វារព្រំដែនជាប់ជាមួយកម្ពុជា ត្រូវអនុវត្តតឹងរឹងតាមវិធានការ បង្ការជំងឺកូវីដ១៩។

ជាមួយគ្នានេះ ភាគីថៃបានបញ្ជាក់បន្ថែមថា ចំពោះការធ្វើដំណើរចេញពីប្រទេសថៃតាមច្រកព្រំដែនគោកទាំងពីរខាងលើ ត្រូវអនុវត្តស្របតាមវិធានការបង្ការជំងឺ លក្ខខណ្ឌ លក្ខខណ្ឌនៃរយៈពេល លក្ខខណ្ឌនៃប្រទេសគោលដៅ។

ទោះជាយ៉ាងណា សម្រាប់ប្រជាពលរដ្ឋខ្មែរដែលជាអាជីវករលក់ដូរនៅផ្សាររុងខ្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ អាជ្ញាធរថៃនៅមិនទាន់អនុញ្ញាតឱ្យចេញ-ចូលបាននៅឡើយទេ ពោលការអនុញ្ញាតនេះអនុវត្តបានតែចំពោះភ្ញៀវទេសចរ ដែលមានលិខិតឆ្លងដែន បណ្ណព្រំដែន ព្រមទាំងមានបណ្ណចាក់វ៉ាក់សាំងជាដើមប៉ុណ្ណោះ៕