លោក មីន អោងឡាំង សន្យាសម្របសម្រួលជូន​ប្រេសិត​ពិសេស​​របស់ប្រធាន​អាស៊ាន​ជួបក្រុមប្រដាប់​អាវុធ​ជនជាតិ​ភាគតិច

សង្គម​និង​សេដ្ឋកិច្ច

លោក មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានសន្យាផ្តល់​នូវការ​សម្រប​សម្រួល​ជូនដល់ប្រេសិតពិសេសនៃប្រធានអាស៊ាន ដើម្បីជួបសន្ទនាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែល​ជា​ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់អំពើហិង្សា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ពីលទ្ធផល​នៃជំនួបសន្ទនាតាមប្រព័ន្ធវីដេអូ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិងជាប្រធានអាស៊ាន និងនាយ​ឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក មីង អោង ឡាំង បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង របស់កម្ពុជា ក្នុងការជួយគាំទ្រមីយ៉ាន់ម៉ារកដំណោះស្រាយ​តាម​សន្តិវិធី ចំពោះ​វិបត្តិដែល​កំពុងមាននា ពេលបច្ចុប្បន្ន និងបានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពី​សភាពការណ៍ថ្មីៗនៅ មីយ៉ាន់ម៉ាដែលរួមមាន ការឆ្លើយតបនឹងអំពើ​ហិង្សាជាបន្តបន្ទាប់ ការប្រកាស​ពីឆន្ទៈក្នុងការ​ចរចាកិច្ច​ព្រម ព្រៀងបទឈប់បាញ់ជាមួយក្រុមប្រដាប់​អាវុធជនជាតិដើមភាគតិច (EAOs) ទាំងអស់ និងការចែកចាយ ជំនួយ​វ៉ាក់សាំងកូវីដ-១៩ ព្រមទាំងសម្ភារៈវេជ្ជសាស្ត្រ ទៅដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៥៨កន្លែងនៅមីយ៉ាន់ម៉ា ។

ក្នុងជនួបនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន ក៏បានស្នើសុំកិច្ចសហប្រតិបត្តិការ​បន្ថែមទៀតពីសំណាក់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងការសម្រប សម្រួលដំណើរទស្សនកិច្ចលើកទី២ របស់ប្រេសិតពិសេស​នៃប្រធានអាស៊ាន នៅមីយ៉ាន់ម៉ា ដែលអាច នឹងធ្វើឡើងនៅចុងខែឧសភានេះ។

សម្តេចតេជោ ក៏បានបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការអនុញ្ញាតឱ្យប្រេសិត ពិសេសបានចូលជួបជាមួយភាគីពាក់ព័ន្​​ធទាំងអស់​នៅមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានលោកស្រី អ៊ុង សានស៊ូជី និងលោកអតីតប្រធានាធិបតី វិន ម្ញីន សំដៅ​ជួយបង្កើតបរិយាកាសអំណោយផលសម្រាប់ ការចាប់ផ្តើមកិច្ចសន្ទនានយោបាយប្រកបដោយបរិយាបន្ន។

ជាការ​ឆ្លើយតប លោក មីង អោងឡាំង បានសន្យាពិនិត្យលទ្ធភាពក្នុងការសម្រួលជំនួបជាមួយភាគីពាក់ព័ន្ធទាំងនោះ។

គួរបញ្ជាក់ថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបញ្ជាក់ប្រាប់ លោក មីង អោង​ឡាំង ឱ្យដឹងថា គ្រប់ភាគីទាំងអស់ ចង់ឃើញមីយ៉ាន់ម៉ា មានវឌ្ឍនភាពឆាប់ៗនូវអាទិភាពបន្ទាន់៣ នៃការព្រម​ព្រៀង​ជាឯកច្ឆន្ទ៥ចំណុច។

អាទិភាពបន្ទាន់ទាំង៣នោះរួមមាន៖ ១៖ ការបញ្ឈប់អំពើហិង្សា, ២៖ ការផ្តល់ជំនួយមនុស្សធម៌ទៅដល់គ្រប់ប្រជាជនដែល​កំពុងតែត្រូវការបំផុត ដោយគ្មានឧបសគ្គរារាំង និង ៣៖ ការកសាងទំនុកចិត្ត និងភាពជឿជាក់ ដើម្បីជំរុញកិច្ចសន្ទនាប្រកប​ដោយបរិយាបន្ន៕