សម្តេច ហ៊ុន សែន ភ្ញាក់ផ្អើលចំពោះប្រធានាធិបតី ចូ បៃដិន និយាយផ្ទាល់ចូលរួមមរណទុក្ខចំពោះបងប្រុស

សង្គម​និង​សេដ្ឋកិច្ច

ថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន បានសម្តែងនូវការចូលរួមមរណទុក្ខជាថ្មីម្តងទៀតដោយផ្ទាល់ បន្ទាប់ពីបញ្ជូនសារលិខិតរំលែទុក្ខចំពោះមរណភាព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ ពិសេសនោះ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ក៏បង្ហាញអារម្មណ៍សម្តែងសូមចូលរួមមរណទុក្ខចំពោះបងប្រុសបង្កើតសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែឧសភានេះ សេតវិមាន ក្រុងទីក្រុងវ៉ាស៊ីនតោន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងសារតាមរយៈទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃសុក្រនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ទាប់ពីសម្តេចឧត្តមទេពញាណ ចែកឋានដោយមិនបានលាឬផ្តាំផ្ញើប្រពន្ធកូន ចៅនិងបងប្អូនញាតិមិត្តក៏ដោយចុះ តែមរណភាពរបស់សម្តេចឧត្តមទេពញាណ ត្រូវបានព្រះមហាក្សត្រនិងព្រះមាតាជាតិព្រះប្រទានព្រះរាជសាររំលែកទុក្ខ។ព្រះមហាក្សត្រជាទីសក្ការៈបានប្រោសប្រទានគោរម្យងារជូនបងជាសម្តេចថែមទៀតផង។

សម្តេចតេជោ គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមប្រជុំអាស៊ាន-អាមេរិកថ្នាក់ដឹកនាំអាស៊ានចូលរួមមរណទុក្ខជាថ្មីម្តងទៀត បន្ទាប់ពីបញ្ជូនសារលិខិតរំលែទុក្ខលើកមុន។ ពេលជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយថ្នាក់ដឹកនាំធុរកិច្ចអាមេរិកអ្នកសម្របសម្រួលកម្មវិធីឆ្លៀតសំដែងនូវមរណទុក្ខក្នុងអង្គប្រជុំផ្លូវការ។

សម្តេចថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា៖ “ទៅលើសពីនេះអ្វីដែលខ្ញុំភ្ញាក់ផ្អើលនិងរំភើបនោះប្រធានាធិបតីសហរដ្ឋអាមេរិកចូ បៃដិន(Joe Biden)តែម្តងដែលនិយាយមកកាន់ខ្ញុំថា(សូមចូលរួមមរណទុក្ខចំពោះបងប្រុសរបស់ឯកឧត្តម)។ នេះជាពាក្យដែលគាត់និយាយមុនគេបន្ទាប់ពីគាត់អានសុន្ទរកថាក្នុងនាមប្រធានាធិបតីអាមេរិក ឯខ្ញុំអានសុន្ទរកថាក្នុងនាមជាប្រធានអាស៊ាននិងប្រធានាធិបតីឥណ្ឌូណេសុីអានសុន្ទរកថាក្នុងនាមប្រទេសសម្របសម្រួលអាស៊ាន-អាមេរិក។ គាត់ជាមនុស្សពោរពេញដោយមនោសញ្ចេតនាគួរគោរពដោយសារគាត់ធ្លាប់បាត់បង់កូនប្រពន្ធនិងបងប្អូនដែរ ដូចនេះគាត់យល់ពីអារម្មណ៍សោកសៅរបស់ខ្ញុំនៅពេលនេះ ហើយដែលគាត់បាននិយាយរឿងទាំងនេះមកកាន់ខ្ញុំ”។

ទន្ទឹមនឹងនោះ ខាងភាគីសហរដ្ឋអាមេរិកដែលបានបញ្ចេញយោបល់សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់សម្តេចនាយករដ្ឋមន្រ្តីមកសហរដ្ឋអាមេរិក ដើម្បីរួមចំណែកសម្រាប់ការសម្រេចបានលទ្ធផលនៃការប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក៕