សម្តេចតេជោ ឱ្យពិចារណាកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលរស់នៅជាក់ស្តែងជុំវិញបឹងទន្លេសាប

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភានេះ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា បានណែនាំ​ដល់​មន្ត្រី​ថ្នាក់ជាតិ និង​​​មន្ត្រី​ថ្នាក់​ក្រោមជាតិ នៃ​ខេត្ត​ទាំង​៦​ ដែល​ស្ថិត​នៅ​ជាប់​នឹង​បឹង​ទន្លេសាប ត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋ និង​បានណែនាំឱ្យពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដោយ​កាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនទៅប្រជាពលរដ្ឋ ដែលរស់នៅជាក់ស្តែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ការ​ឱកាស​អញ្ជើញថ្លែងសារពិសេសជូនបងប្អូនជនរួមជាតិស្តីអំពីបញ្ហាបឹងទន្លេសាប សម្តេច​តេជោ ក៏​បាន​ណែនាំឱ្យកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ឡើងវិញ ទៅតាមស្ថានភាពជាក់ស្តែង នៃការអាស្រ័យផល​របស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ក៏បានណែនាំអោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹកនាំអាជ្ញាធរពាក់ព័ន្ធក្នុងការកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣​នេះជាពិសេសបានណែនាំឱ្យរៀបចំជាបង្គោលធំៗនៅតាមព្រំប្រទល់ដែលត្រូវបែងចែកតំបន់បឹងទន្លេសាបនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ទីតាំងដែលបងប្អូនប្រជាពលរដ្ឋអាស្រ័យផល​រាប់សិបឆ្នាំ​មកហើយនោះ គឺត្រូវរក្សា និងចេញកម្មសិទ្ធិជូនពួកគាត់ ហើយ រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងដាច់ខាត​ចំពោះ​អ្នក​មានអំណាច និងអ្នកមានលុយ ហើយទៅជ្រកក្រោមរូបភាព ជាពលរដ្ឋ ហើយបានកាប់ទន្ទ្រានដី ដែលត្រូវបាន​ហាមឃាត់នៅបឹងទន្លេសាប។ ភូមិឋាន និងតាំងទីលំនៅរបស់ប្រជាពលរដ្ឋ ដែលមានតាំងពីយូរលង់ណាស់មក​ហើយ​នោះ មិនអាចរុះរើចេញបាននោះឡើយ ដូច្នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រសួងធនធានទឹក ក្រសួងកសិកម្ម និងអាជ្ញាធរខេត្ត ត្រូវធ្វើការពិនិត្យមើលថា តើកន្លែងណាគោករាក់ ហើយត្រូវបូបស្តាឡើងវិញ។

សម្តេចតេជោបានបញ្ជាក់ថា ផ្ទៃដីដែលកាត់ឆ្វៀល គឺសំដៅអ្នកអាស្រ័យផលយូរឆ្នាំ មិនរាប់អ្នកទើបទៅ​កាន់កាប់​ត្រឹមតែ២ ឬ៣ឆ្នាំនោះទេ។ សម្តេចតេជោ បានសុំអោយបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានកាត់ឆ្វៀលដីជូន​ហើយ​នោះ សូមកុំបន្តកាប់ទន្ទ្រានដីដែលត្រូវបានអភិរក្សបន្តទៅទៀត។ ដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋ គឺជាដីដែល​ពលរដ្ឋអាស្រ័យផលយ៉ាងតិចបំផុត១០ឆ្នាំ ឬដីដែលមិនមែនជាដីលិចទឹក ដែលអាចឲ្យប្រកបមុខរបរកសិកម្ម​បាន​យ៉ាងងាយស្រួល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្ត អភិបាលស្រុក មេឃុំ ត្រូវតែទទួលខុសត្រូវ និងយកចិត្ត​ទុក​ដាក់ទៅលើពលរដ្ឋរបស់ខ្លួន ដែលរស់នៅ និងអាស្រ័យផលលើដីជុំវិញបឹងទន្លេសាប។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ នឹងចូលរួមអនុវត្តនូវកិច្ចការងារនេះប្រកបដោយលទ្ធផលល្អ និង​មាន​ប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ប្រជាជន។