៣ខែដើមឆ្នាំនេះ កម្ពុជាបាននាំចូលប្រេងឥន្ធនៈក្នុងតម្លៃ​ជិត៦០០​​​លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសកម្ពុជា បាននាំចូលប្រេងឥន្ធនៈក្នុងតម្លៃទឹកប្រាក់ប្រមាណ ៥៨០.៥៦លានដុល្លារ នៅក្នុងរយៈពេល ៣ខែ ដើមឆ្នាំ ២០២២។ ចំនួននេះ​បាន​កើនឡើងប្រមាណ​ ៤៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ក្នុង​តម្លៃ​ទឹកប្រាក់ប្រមាណ ៣៩២.១៦លានដុល្លារប៉ុណ្ណោះ។ នេះ​បើ​តាម​ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ប្រចាំ​ត្រីមាសទី១ ឆ្នាំ២០​២២​  ដែលបានចេញផ្សាយកាលថ្ងៃទី២៧ ខែ​មិថុនា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា អតិផរណាជាមធ្យមប្រចាំត្រីមាសទី១ ឆ្នាំ២០២២ មានអត្រា ៥.៩ភាគរយ បើ​ធៀប​នឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន គឺកើនឡើងទ្វេដង ខណៈឆ្នាំមុនមានអត្រា២.១ភាគរយ។ មិនតែប៉ុណ្ណោះ អត្រា​អតិផរណាក្នុងត្រីមាសទី១ នៅឆ្នាំ២០២២នេះ គឺជាអត្រាដ៏ខ្ពស់មួយដែលមិនធ្លាប់មានពីមុនមក ក្នុង​រយៈ​ពេល៧ឆ្នាំចុង​​ក្រោយ ដោយសារតែការកើនឡើងនៃតម្លៃប្រេងសាំង ដែលបង្កឡើងដោយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបង្ហាញពីសន្ទស្សន៍ថ្លៃទំនិញសំខាន់ៗ លើទីផ្សារអន្តរជាតិផងដែរ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ រួមមាន ប្រេងឆៅ (Brent) ថ្លៃ៩៩ដុល្លារក្នុងមួយប៉ារ៉ែល កើនឡើង៦៣.៤ភាគរយ កៅស៊ូ (TSR20) តម្លៃ១ ៧៧១,៧ដុល្លារក្នុងមួយតោនកើនឡើង៥.៩ភាគរយ មាសថ្លៃ ២ ០៥៥.៤ដុល្លារក្នុងមួយអោន ធ្លាក់ចុះ២១.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា បាននាំចូលប្រេងពីក្រៅប្រទេសទំាងស្រុងដើម្បីបំពេញតម្រូវការក្នុងស្រុក ដោយសារកម្ពុជា មិនទាន់មានរោងចក្រផលិត និងកែច្នៃប្រេងនៅក្នុងប្រទេសនៅឡើយ។

ដោយឡែក ការកើនឡើងនៃតម្លៃប្រេងឥន្ទនៈនាំចូលនាពេលនេះ គឺបណ្តាលមកពីការហក់ឡើងនៃតម្លៃប្រេងឆៅ​នៅលើ​ទី​​ផ្សារ​អន្តរជាតិ ដែលកើតចេញពីការសង្គ្រាមលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន៕ ដោយ៖ ពិសី