ក្រុមហ៊ុនកូរ៉េល្បីឈ្មោះមួយ ស្នើសុំជួយបណ្តុះបណ្តាលជំនាញផលិតកម្មសត្វនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនកូរ៉េ មួយមានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម លើការបណ្តុះបណ្តាល ជំនាញផលិតកម្មសត្វ និងសុខភាពសត្វនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីពេលថ្មីៗកន្លងទៅ លោក Jae-Jin Chang ស្ថាបនិក និងអគ្គនាយក ក្រុមហ៊ុន OrientCam Co., Ltd បានលើកឡើងពីសាកលវិទ្យាល័យផ្សព្វផ្សាយកសិកម្មដ៏ល្បីមួយនៅកូរ៉េ មានតួនាទីជួយបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសដើម្បីបំពេញបន្ថែមជំនាញបច្ចេកទេសថ្មីៗទាក់ទងវិស័យផលិតកម្មសត្វ និងសុខភាពសត្វជូនដល់អ្នកចិញ្ចឹមសត្វ និងមន្រ្តីជំនាញ។ ហេតុនេះ ក្រុមហ៊ុនរបស់លោកចង់សហការជួយបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វនេះដើម្បីឲ្យកាន់តែយល់ដឹង ស៊ីជម្រៅទាក់ទងសាវតា សមត្ថភាព សក្តានុពល និងនវានុវត្តន៍ថ្មីៗដែល ក្រុមហ៊ុន មានមូលដ្ឋាននៅកូរ៉េបាននិងកំពុងអនុវត្តកន្លងមក។

ទន្ទឹមនឹងនេះ លោកក៏បានស្នើសុំឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហការី ទៅធ្វើទស្សនកិច្ច សិក្សាស្វែងយល់បន្ថែមអំពីក្រុមហ៊ុនរបស់លោក ក្នុងពេលឆាប់ៗខាងមុខផងដែរ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះឆន្ទ:នៃកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលនេះគឺជាចលករក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្ម ពន្លឿនកំណើនសេដ្ឋកិច្ច តាមរយៈបង្កើតការងារ ផ្សព្វផ្សាយបច្ចេកវិទ្យាទំនើបរបស់កូរ៉េ និងបង្កើនផលិតភាពផលិតកម្មចិញ្ចឹម បង្កើតរចនាសម្ព័ន្ធកែច្នៃ និងនាំចេញ ស្របតាមទស្សនវិស័យ និងគោលនយោបាលរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទាំងមន្រ្តី និស្សិត ក៏ដូច ជាកសិករ នៅមានចំណុចខ្វះខាតលើការងារបច្ចេកទេស និងការអនុវត្តជាក់ស្តែង និងការងារស្រាវជ្រាវ ជាច្រើន ក្នុងខ្សែច្រវ៉ាក់ផលិតកម្មសត្វនៅកម្ពុជា។ ដូច្នេះ បើកិច្ចសហប្រតិបត្តិការនេះដំណើរការល្អ លោកសង្ឃឹមថាពួកគាត់នឹងមានឱកាសទៅចូលរួមវគ្គបណ្តុះ បណ្តាលដើម្បីបង្កើនសមត្ថភាពលើជំនាញរបស់ខ្លួនបន្ថែមដែលជាទុនដ៏សំខាន់សម្រាប់អភិវឌ្ឍខ្លួន ក៏ដូចជាអភិវឌ្ឍវិស័យផលិតកម្មសត្វ និងសុខភាពសត្វរបស់កម្ពុជាផងដែរនាពេលអនាគត។

ជាមួយគ្នានេះ ដោយសារកម្ពុជាពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ លោករដ្ឋមន្ត្រីបានស្នើទៅលោកនាយកប្រតិបត្តិក្រុមហ៊ុនជួយពិនិត្យលទ្ធភាពធ្វើការបណ្តុះបណ្តាលមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វលើការផលិតវ៉ាក់សាំងការពារជំងឺឆ្លងសត្វ៕