គយប្រមូលចំណូលបានជាង ៧៦លានដុល្លារពីរថយន្តអត់ពន្ធ ខណៈខែកក្កដានេះនឹងបង្រ្កាបឱ្យបានតឹងរ៉ឹងបំផុត

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា ប្រមូលពន្ធលើរថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូតស្តាំង និងចង្កូតឆ្វេង សរុប ៩៧០៧គ្រឿង បានចំណូលជាង ៧៦លានដុល្លារអាមេរិក ខណៈយុទ្ធនាការនេះ ត្រូវបានបិទបញ្ចប់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងចំណោមរថយន្តសរុបទាំងជិត១ម៉ឺនគ្រឿងនេះ មានរថយន្តចង្កូតឆ្វេងមានចំនួន ២៧០៨គ្រឿង ដោយទទួលបានប្រាក់ពន្ធអាករប្រមាណ៣៥លានដុល្លារ និងទទួលបានការកក់ប្រាក់ពីរថយន្តចង្កូតស្តាំចំនួន ៦៩៩៩គ្រឿង។

លោកថ្លែងថា បន្ទាប់ពីបញ្ចប់យុទ្ធនាការប្រមូលពន្ធ ពីរថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងឈប់ទទួលការមកបង់ពន្ធ និងប្រាក់កក់ទៀតហើយ និងមិនមានការពន្យារពេលទៀតនោះទេ។

សូមបញ្ជាក់ថា ចាប់ពីខែកក្កដានេះតទៅ អគ្គនាយកដ្ឋានគយ នឹងធ្វើការការបង្រ្កាបឱ្យបានតឹងរ៉ឹង និងម៉ត់ហ្មត់បំផុត ជាមួយនឹងការផាកពិន័យផងដែរ៕