សហគ្រាសចំនួន១៧ ទទួលបានថវិកាប្រមាណ៥0ម៉ឺនដុល្លារ ពីកញ្ចប់វិនិយោគកម្មវិធី VCIS

សង្គម​និង​សេដ្ឋកិច្ច

សហគ្រាសចំនួន១៧នៅកម្ពុជា ទទួលបានថវិកាសរុបប្រមាណ៥0ម៉ឺនដុល្លារពីកញ្ចប់វិនិយោគកម្មវិធី VCIS ដើម្បីគាំទ្រដល់ ដំ​ណើរការ​ផលិតកម្មផលជលផល។ ពិធីប្រគល់កញ្ចប់វិនិយោគនៃកម្មវិធី VCIS ដល់សហគ្រាសជលផល​ក្រោយពេល​ប្រ​មូល​​ផល ដែលរៀប​​ចំ​ដោយ​​រដ្ឋបាលជលផល សហការជាមួយអង្គការ UNIDO ក្រោមវត្តមានឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីនោះ លោក វេង សាខុន បានសាទរចំពោះសហគ្រាសទាំង១៧ ដែលបានបំពេញតាមលក្ខខណ្ឌតម្រូវ ដែល​ត្រូវ​ទទួល​បានកញ្ចប់វិនិយោគពីកម្មវិធី VCIS ក្នុងនោះមានការគាំទ្រផ្នែកឧបករណ៍ សម្ភារ និងបច្ចេកទេសបម្រើ​ដល់ដំណើរ​ការផលិតកម្មផលជលផលក្រោយពេលប្រមូលផល និងអនុលោមតាមគោលការណ៍សុវត្ថិភាពចំណីអាហារ។ កញ្ចប់​វិនិ​យោគ​ដែលប្រគល់ជូនសហគ្រាសទាំង១៧ មានទឹកប្រាក់ សរុបប្រមាណ ៥00 000ដុល្លារ ដោយមិនរួមបញ្ចូល​ការ​​គាំទ្រ​​ផ្នែកបច្ចេកទេស។

ក្នុងនាមក្រសួងកសិកម្ម លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និងអង្គការ UNIDO ដែលបាន​ផ្តល់​កិច្ច​ស​ហ​ការក្នុងភាពជាដៃគូ ជួយគាំទ្រកម្មវិធី CAPFISH ហើយតាមរយៈកម្មវិធីនេះ UNIDO បាន​សហការ​ជាមួយ​រដ្ឋបាល​ជល​ផល​បាននិងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ជលផលក្រោយពេលប្រមូលផល។ លោកថា ក្រោមជំនួយបច្ចេកទេសពី UNIDO រដ្ឋបាលជលផល បាននិងកំពុងរៀបចំប្រព័ន្ធត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផល មានឈ្មោះថា​និមិត្ត​សញ្ញាគុណ​ភាពកម្ពុជា (CQS)ផងដែរ។

គួរបញ្ជាក់ថា សហគ្រាសឯកជនបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិត និងកែច្នៃទំនិញបរិភោគ បង្កើន​ការ​នាំ​ចេញ បង្កើតការងារ បង្កើនប្រាក់ចំណូល និងជាពិសេសប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជាផលិតផលស្រស់ និងកែ​ច្នៃ​​ដើម្បី បង្កើនតម្លៃបន្ថែម។ តែទោះជាយ៉ាងណា ស្ថិតក្នុងបរិបទនៃវិបត្តិជំងឺឆ្លងកូវិដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល សហ​គ្រាស​ឯក​ជន​បាននិងកំពុងជួបប្រទះបញ្ហាជាច្រើន។

រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានផ្ញើក្តីសង្ឃឹម និងជឿជាក់ថា សហគ្រាសទាំង១៧ នឹងចូលរួមអនុវត្តឲ្យបានពេញលេញ ត្រឹម​ត្រូវ​ច្បាស់លាស់ ទាក់ទងបច្ចេកទេសកែច្នៃផលជលផល ធ្វើយ៉ាងណាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព​ការ​ងារ និងផលិតផល ធានាលើកជ្រោងកាន់តែប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពចំណីអាហារ ឈានទៅធ្វើការប្រកួត​​ប្រ​ជែង និងឆ្លើយតបបានតាមស្តង់ដាទីផ្សារនាំចេញ។ នាឱកាសនេះ លោក វេង សាខុន ក៏បានស្នើសុំ​បន្ថែមឲ្យ​អង្គការ​UNI​DO កៀរគរថវិកាជួយគាំទ្រលើការកែច្នៃ   និងវេចខ្ចប់ផលិតផលកសិកម្ម ព្រមទាំងផលិតផលវារីវប្បកម្មផងដែរ៕

អត្ថបទ៖ រង្សី