លោក ហោ ចាន់រដ្ឋា៖ ហេតុអ្វីចាំបាច់ក្លាយជាអ្នកមាន?

សង្គម​និង​សេដ្ឋកិច្ច

លោកហោ ចាន់រដ្ឋា ដែលបងប្អូនបានស្គាល់ហើយថា ជាអ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំ ពូកែខាងសម្ដី ស្ដីមិនអស់ពាក្យបានទាញយកបុគ្គលមួយចំនួនធំឱ្យទទួលបានជោគជ័យក្នុងវិស័យអាជីវកម្មរបស់ពួកគេជាច្រើនរូប ថ្ងៃនេះលោកបានចែករំលែកនៅវត្ថុបំណងមួយគឺ ហេតុអ្វីចាំបាច់ក្លាយជាអ្នកមាន?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងទិវាភាពជាអ្ននមានឆ្នាំ២០២២ ក្រោមប្រធានបទ ទម្លាប់អ្នកមាន តើអ្នកមាន មានទម្លាប់យ៉ាងដូចម្ដេច? លោកហោ ចាន់រដ្ឋា បានបង្ហាញគន្លឹះខ្លះៗ ទាក់ទងនឹងកត្តាដែលចាំបាច់ក្លាយជាអ្នកមានចំនួន ៩ ចំណុច។

ហេតុផលទី១នោះគឺធ្វើជាអ្នកមាន ជាមធ្យោបាយដ៏ល្អបំផុតដើម្បីជួយអ្នកក្រ៖ ប្រសិនបើយើងក្លាយជាអ្នកមាននោះយើងនឹងក្លាយជាជម្រើសក្នុងការជួយអ្នកក្របាន ដោយជួយក្នុងលក្ខខណ្ឌសមស្របណាមួយ។

ហេតុផលទី២នោះគឺគ្មានអ្វីឈឺចាប់ និងថោកទាបជាងរស់នៅក្នុងភាពក្រីក្រឡើយពីព្រោះភាពក្រីក្រ បានធ្វើឱ្យមនុស្សផងគ្នាគេមើលងាយណាស់​ ហេតុនេះយើងមិនគួរណាឡើយដេកត្រាំក្នុងភាពក្រីក្រទៀតទេ។

ហេតុផលទី៣ គឺយើងមិនអាចមានជីវិតរីករាយ និងរុងរឿងពេញលេញឡើយ បើយើងក្រីក្រ អ្នកត្រូវដឹងថា គ្មាននរណារីករាយពិតប្រាកដទេ នៅពេលដែលយើងក្រីក្រ គ្មានអ្វីទាំងអស់នោះ ហេតុនេះចាំបាច់ណាស់ យើងត្រូវតែក្លាយជាអ្នកមាន។

ហេតុផលទី៤ គឺ ចង់ក្លាយជាអ្នកមានគឺគ្មានកំហុសទេពីព្រោះយើងគ្មានសិទ្ធិក្លាយជាអ្នកក្រទេ យើងគ្មានសិទ្ធិជ្រើសរើសធ្វើជាអ្នកក្រទេពីព្រោះបើយើងក្រយើងនឹងអស់សិទ្ធិ។

ហេតុផលទី៥ គឺ អ្នកមានតិចឬច្រើនតែងទទួលបានការស្វាគមន៍ អ្នកក្រីក្រគឺតែងតែមិនទទួលបានការស្វាគមន៍ គ្មាននរណារីករាយនៅពេលដែលឃើញយើងក្រនោះទេ ហើយគេក៏មិនសរសើរថាយើងក្រសមនោះដែរ​ អ្នកក្រដោយច្រើនគឺទទួលបានការមើលងាយ។

ហេតុផលទី៦គឺ អ្នកក្រីក្រគឺមិនអាចបំពេញតួនាទីណាមួយបានឡើយ សូម្បីតែតួនាទីជាកូន ជាបង ជាប្ដី ជាប្រពន្ធ ឪពុកម្ដាយ  ជាអ្នកដឹកនាំ ហើយរិតតែពិបាកទៀតនោះសូម្បីតែបំពេញតួនាទីជាពលរដ្ឋក៏យើងមិនអាចធ្វើបានផង ប្រសិនបើយើងជាអ្នកក្រ។

ហេតុផលទី៧ អ្នកមិនចង់ក្លាយជាអ្នកមាន គឺជារឿងចម្លែកបំផុត ពីព្រោះប្រសិនបើមិនចង់ក្លាយជាអ្នកមានទេនោះអ្នកពិតជាមិនចង់បានអ្វីៗនោះទេ សូម្បីតែរាងកាយក៏ត្រូវការអាហារ សម្លៀកបំពាក់ ថ្នាំសង្កូវ ឬទីជម្រកដែរ ហេតុនេះប្រសិនបើយើងមិនចង់ក្លាយជាអ្នកមាននោះជារឿងដ៏ចម្លែកបំផុតហើយ។ យើងត្រូវដឹងថា ភាពរីករាយពិតប្រាកដគឺមិនអាចកើតឡើងលើអ្នកក្រីក្រឡើយ ឧបមាសូម្បីតែកូនអ្នកមាននិងកូនអ្នកក្រក៏កើតមកវាសនាខុសគ្នាដែរ។

ហេតុផលទី៨គឺ គ្មាននរណារីករាយជាមួយនឹងភាពក្រីក្រទេ ហើយភាពត្រឹមត្រូវ និងគុណធម៌គឺមិននៅជាមួយនឹងភាពក្រីក្រឡើយ។

ហេតុផលទី៩ ភាពមានបាន គឺជាការវាស់វែងភាពល្អរបស់មនុស្ស​ ពីព្រោះអ្នកមានអាចធ្វើអ្វីដែលខ្លួនចង់ រីឯអ្នកក្រគឺមិនអាចធ្វើអ្វីតាមដែលខ្លួនចង់ឡើយ។

ក្នុងបំណងនេះលោក ហោ ចាន់រដ្ឋាក៏មានសារភ្ជាប់ជាចុងក្រោយផងដែរថា យើងបង្កើតអ្នកមានល្អ ដើម្បីអ្នកទាំងអស់គ្នាដែលសុទ្ធតែអាចក្លាយជាអ្នកមាន៕