រដ្ឋមន្ត្រីសាធារណការ ជំរុញឲ្យសិក្សាស៊ីជម្រៅលើការតភ្ជាប់ផ្លូវនាវា និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់

សង្គម​និង​សេដ្ឋកិច្ច

កិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារសិក្សា និងជម្រើសស្តីពីការតភ្ជាប់ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ កាលទី២៧ ខែកក្កដា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមការងារបច្ចេកទេស សិក្សាស៊ីជម្រៅលើការតភ្ជាប់ផ្លូវនាវា និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងកិច្ចប្រជុំខាងលើ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា បន្ទាប់ពីមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការសិក្សា និងជម្រើសស្តីពីការតភ្ជាប់ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ និងមានការចូលរួមផ្តល់មតិយោបល់ ក៏ដូចជាធាតុចូលពីថ្នាក់ដឹកនាំពាក់ព័ន្ធរួចមក លោក ក៏បានជំរុញឱ្យក្រុមការងារធ្វើការសិក្សាឱ្យបានស៊ីជម្រៅលម្អិត និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីដាក់ជូនភាគីពាក់ព័ន្ធពិនិត្យពិចារណា។

គួរបញ្ជាក់ដែរថា បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការតភ្ជាប់ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការអភិវឌ្ឍផ្លូវនាវាចរណ៍ ទន្លេបាសាក់ ព្រមទាំងដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ដែលអាចជួយកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងភស្តុភារកម្ម និងមានប្រសិទ្ធភាពជាងមុន ព្រមទាំងងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ៕ អត្ថបទ៖ រង្សី