ស្វាមីលោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំកងកម្លាំងការពារសុវត្ថិភាពគណៈប្រតិភូមកចូលរួមកិច្ចប្រជុំ

សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជា​ប្រធាន​នាយកដ្ឋានកណ្តាលសន្តិសុខ ដែលជាស្វាមី​របស់​លោក​ជំទាវ ហ៊ុន ម៉ាណា ​​​​បាន​ដឹក​នាំ​កង​កម្លាំង​ជា​ច្រើន​ប្រភេទ​ រួម​ទាំង​កង​កម្លាំង​នៅ​នាយកដ្ឋាន​​អង្គរក្ស ចុះ​ត្រួត​ពិនិត្យ​​តាម​ទីតាំង​នានា ដើម្បី​ធានា​ការពារ​​សុវត្ថិភាព​ជូន​​គណៈប្រតិភូជាតិ និង​អន្តរជាតិ ​ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ឱកាស​នោះ​ដែរ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ​​បាន​អញ្ជើញ​​ចុះ​ទៅ​ត្រួត​ពិនិត្យ​ផ្ទាល់​ នៅ​ទីតាំង​ប្រជុំ​ធំ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ​ដោយ​បាន​​អង្កេត​​​ពិនិត្យ​លើ​សម្ភារៈ បរិក្ខា និងរបស់ប្រើប្រាស់​​នានា ​ព្រម​ទាំង​​ប្រើ​សុនខ ​ដើម្បី​ហិតក្លិន​ស្វែង​រក​អាវុធ​ ឬគ្រឿង​ផ្ទុះ​​នៅ​​តាម​បន្ទប់​ទទួល​ភ្ញៀវ​ បន្ទប់​ប្រជុំ​​ និង​នៅ​តាម​សួន​សាធារណៈ​​​សំខាន់ៗ​នានា ក្នុង​រាជធានីភ្នំពេញ។

​​តាមសេចក្តីប្រកាស​របស់​​ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​​ចាប់ពី​ថ្ងៃទី​៣០ ខែ​កក្កដា ដល់​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០២២ នឹងមាន​ការចូលរួម​រហូតដល់​ទៅ ៣៩ ប្រទេស ទាំង​កម្ពុជាផង ក្នុងនោះ រដ្ឋមន្ត្រីការបរទេស នៃ​បណ្តា​ប្រទេស​ធំៗ ដូចជា​រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា លោក S. Jaishankar និង​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី Penny Wong ក៏​នឹង​អញ្ជើញ​មក​ចូលរួម​ផងដែរ៕